(ភ្នំពេញ)៖ ការក្លែងបន្លំ កើតមានឡើងច្រើនរូបភាព ក្នុងនោះរួមមានដូចជាការក្លែងបន្លំឋានៈ ការក្លែងព័ត៌មានមិនពិត និងការក្លែងបន្លំឯកសារសាធារណៈជាដើម។ ចំពោះករណីក្លែងបន្លំឯកសារ សាធារណៈ គឺផ្តល់នូវគ្រោះថ្នាក់បំផុតដល់សង្គមជាតិ និងអាចបណ្តាលឲ្យមានចលាចលក្នុងសង្គមទៀតផង។ ដោយហេតុថា ការក្លែងបន្លំឯកសារសាធារណៈជះឥទ្ធិពលអវិជ្ជមានដល់សង្គមធ្ងន់ធ្ងរ បែបនេះ ទើបអ្នកដែលប្រព្រឹត្តិបទល្មើសនេះ ត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។ ការក្លែងបន្លំឯកសារសាធារណៈអាចត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការសាធារណៈ ឬក៏អាចជាអ្នកជំនាញជាដើម ហើយគោលបំណងក្នុងការក្លែងបន្លំឯកសារសាធារណៈនេះ គឺដើម្បីទទួលបាននូវប្រយោជន៍ផ្សេងៗ ដោយមិនស្របច្បាប់។
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហិ៍នេះ សូមលើកយកប្រធានបទស្ដីពី «បទក្លែងបន្លំឯកសារសាធារណៈ» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដូចតទៅ៖
តើអ្វីទៅជាការក្លែងបន្លំ? និងអ្វីជាឯកសារធារណៈ ? តើការក្លែងបន្លំឯកសារសាធារណៈនេះ ត្រូវទទួលទោសទណ្ឌយ៉ាងដូចម្តេច?
យោងតាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ បានឲ្យនិយមន័យ «ការក្លែងបន្លំ» គឺជាការធ្វើឲ្យខូចខាត ដោយចេតនានូវការពិត ដែលសម្តែងនូវគំនិត កាលបើមានគ្រប់លក្ខខណ្ឌដូចជា (១)ការធ្វើឲ្យខូចខាតនេះមាន កម្មវត្ថុ ឬ អាចមានអនុភាពធ្វើជាភស្តុតាងនៃសិទ្ធិ ឬ នៃអំពើដែលមានផលវិបាលគតិយុត្ត និង(២)ការធ្វើឲ្យខូច ខាតនេះអាចបណ្តាលឲ្យមានព្យសនកម្ម ។ រី «ឯកសារសាធារណៈ» គឺជាលិខិតយថាភូត ឬ លិខិតធ្វើឡើងតាមរូបមន្ដច្បាប់ ដោយមន្ត្រីសាធារណៈ ដែលត្រូវបានអនុញ្ញាតឱ្យប្រតិបត្ដិមុខងារនោះ (ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧)។
ការក្លែងបន្លំឯកសារសាធារណៈ គឺជាបទល្មើសឧក្រិដ្ឋ ដែលមានចែងនៅក្នុងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ដោយបានកំណត់និយមន័យថា «ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ»។
ជាទូទៅឯកសារដែលត្រូវបានក្លែងបន្លំច្រើន អាចមានជាសញ្ញាបត្រ ឬអត្តសញ្ញាណកម្ម ឬឯកសារទាក់ទងនឹងការឡើងតំណែងតួនាទីជាដើម។ ឧទារហណ៍៖ ករណីដែលកើតឡើងជាញឹកញាប់នោះគឺ ការក្លែង ស្លាកលេខរថយន្ត និងករណីមួយទៀត ដែលជាទូទៅក៏មានកើតឡើងច្រើននៅក្នុងសង្គមផងដែរនោះ គឺការក្លែងបន្លំឯកសារដីសម្បទាន ដោយមានជនទុច្ចរិតមួយចំនួនបានប្រកាសថា ខ្លួនទទួលបានដីសម្បទានត្រង់កន្លែងណាមួយ ហើយឱ្យប្រជាពលរដ្ឋប្រគល់ដីនោះ ឬលក់ក្នុងតម្លៃថោកមកឱ្យខ្លួន។ ជាដំណោះស្រាយដើម្បីដឹងថា តើឯកសារនោះជាឯកសារពិតប្រាកដ និងត្រឹមត្រូវតាមច្បាប់ឬទេ ប្រជាពលរដ្ឋអាចយកឯកសារនោះទៅពិនិត្យនៅក្នុងគោលបញ្ជី ឬនៅតាមឃុំសង្កាត់ ដែលជាប់ពាក់ព័ន្ធ។ ប្រសិនបើឯកសារនោះមិនមាននៅក្នុងគោលបញ្ជី ឬនៅតាមឃុំសង្កាត់ ដែលជាប់ពាក់ព័ន្ធនោះទេ មានន័យថាឯកសារនោះជាឯកសារក្លែងបន្លំ។
សរុបមក ការក្លែងបន្លំឯកសារសាធារណៈ គឺជាអំពើខុសច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរយ៉ាងធ្ងន់ធ្ងរ ហើយអ្នកដែលក្លែងបន្លំឯកសារសាធារណៈនោះនឹងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៦២៩ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
រៀបរៀងដោយ៖ កញ្ញា សាវី លីដា និងកញ្ញា សាំង សុភាព ជំនួយការមេធាវី និងជាសមាជិកាក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕