(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តគម្រោងសាងសង់ អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក និងជីកដាក់ប្រព័ន្ធលូ ដើម្បីពង្វាងទឹកកខ្វក់ ចេញពីទន្លេបាសាក់តូច ទៅស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់បឹងជើងឯក។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការអនុវត្តគម្រោងខាងលើនេះ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៩តទៅ ហើយគ្រោងនឹងបញ្ចប់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនោះរួមមាន៖
១៖ ជីកដាក់បណ្តាញលូមេពង្វាងទឹកកខ្វក់ ចេញពីទន្លេបាសាក់តូច ទំហំមុខកាត់ ១.២ ម៉ែត្រ និង១.៥ ម៉ែត្រ ប្រវែង២,៦៦០ម៉ែត្រ តាមបណ្តោយវិថីសបិត មហាវិថីសម្តេចសុធារស និងកំណាត់មហាវិថី
ម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ និងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
២៖ សាងសង់អាងស្តុកទឹកក្រោមដី ដែលមានចំណុះ ៣,០០០ម៉ែត្រគូប និងស្ថានីយបូមទឹក ដែលមាន សមត្ថភាពបូមទឹក៤.៥ម៉ែត្រគូបវិនាទី នៅសួនច្បារស្ពាននាគភ្លោះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
៣៖ សាងសង់អាងស្តុកទឹកក្រោមដី ចំណុះ១០០ម៉ែត្រគូប និងបំពាក់ម៉ូទ័រស្វ័យប្រវត្តិ ដែលមាន សមត្ថភាពបូមទឹក៥០០ម៉ែត្រគូប/ម៉ោង នៅជ្រុងរបងខាងកើតស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន។
ដើម្បីចាប់ផ្តើមដំណើរការអនុវត្តគម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានជីកសាកល្បងរកមើលបណ្តាញក្រោមដី នៅចំណុចមួយចំនួន នៅលើគន្លងវិថីសិត មហាវិថីសម្តេចសុធារស និងកំណាត់
មហាវិថីម៉ៅសេទុង ដើម្បីបញ្ចៀសផលប៉ះពាល់ជាអតិបរមា៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖