(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេច​ពញាចក្រី ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង​នៃសកលវិទ្យា​ល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME បានថ្លែងប្រាប់និស្សិត​ឲ្យចេះរៀបចំផែនការ ក្នុងការសិក្សា​ដើម្បីទទួលបានជោគជ័យនាថ្ងៃអនាគត។

លោក មួន វាសនា បានលើកឡើងដូច្នេះ ក្នុងឱកាសដឹកនាំក្រុមសាស្រ្តាចារ្យ នៃប្រទេសអូស្ត្រាលី​មកផ្ដល់បទពិសោធន៍ល្អៗ ដល់ក្រុមនិស្សិតប្រមាណ​ជាង​២០០​នាក់ នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម។

លោក មួន វាសនា បានថ្លែង​ថា ឆ្លង​តាមការសង្កេតរបស់លោក​ឃើញថាប្រជាពលរដ្ឋជាច្រើន ដែលពួកគាត់ប្រកប​មុខរបរ ដោយគ្មានផែនការជាក់លាក់ ពុំសូវឃើញពួកគាត់ទទួលបានជោគជ័យនោះទេ​។ ដោយឡែក មានប្រជាពលរដ្ឋមួយចំនួន ដែលពួកគាត់ប្រកបមុខរបរកសិកម្ម ឬប្រកបមុខរបរអាជីវកម្មផ្សេងៗ ដោយមានផែនការជាក់លាក់ ឃើញថាពួកគាត់តែងតែទទួលបានជោគជ័យជីវភាពគ្រួសាររបស់ពួកគាត់​ធូរធា។

ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានបន្ថែមថា ក្រុមនិស្សិតគួរតែ​មានការខិតខំសិក្សាស្រាវជ្រាវឲ្យបានច្រើន ដើម្បីបន្ថែមចំណេះដឹង​របស់ខ្លួន ដែលការសិក្សាស្រាវជ្រាវនោះ មានរូបមន្ត​៥​ដំណាក់កាលដែលគួរធ្វើ។

ដំណាក់កាលទី​១ គឺកំណត់រកឲ្យឃើញអ្វីមួយដែលយើងចង់ស្រាវជ្រាវ, ដំណាក់កាលទី​២៖ ​ត្រូវស្រាវជ្រាវតាមប្រព័ន្ធ អ៊ីនធឺណិតដូចជា Youtube ឬ Google ជាដើម, ដំណាក់កាលទី​៣៖ ​ត្រូវប្រមូលទិន្នន័​យឲ្យបានច្រើន តាមរយៈដែលយើងបានចុះទៅដល់ទីកន្លែង និងតាមរយៈការសាកសួរ ស្ទាបស្ទង់ និងសង្កេតកត់ត្រា ពីមនុស្ស ឬអាជ្ញាធរនៅតំបន់នោះ, ដំណាក់កាលទី​៤៖ ​ធ្វើការវិភាគទៅលើទិន្នន័យដែលយើងទទួលបាន និង​ដំណា​ក់កាលទី​៥៖ យើងត្រូវសរសេរកំណត់ ហេតុទុក ដើម្បីយកទៅធ្វើការសាកសួរអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ពិភាក្សាលើទិន្នន័យទាំងនោះ ​ដើម្បីទទួលបានចំណេះដឹង​។ ចំណេះដឹងទាំងនេះ យើងអាចយកមករៀបចំផែនការ ទាំងការ​សិក្សា និងការចេញប្រកបការងារ ដើម្បីទទួលបានជោគជ័យនៅក្នុងឆាកជីវិតរបស់ខ្លួន៕