(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានស្នើថ្វាយព្រះមហាក្សត្រ លុបឈ្មោះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។
ការសម្រេចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់ ហើយនេះជាអភិក្រមទី៥ «គឺជាការវះកាត់» ដែលសម្តេចតេជោ បានដាក់ចេញសម្រាប់ការកំណែទម្រង់ស៊ីជម្រៅនៅក្នុងសកម្មភាពរបស់ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
ទន្ទឹងនឹងការសម្រេចមួយនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់ប្រទាប់វណ្ណៈមានការសាទរយ៉ាងខ្លាំង ហើយពួកគេចាត់ទុកថា នេះជាមេរៀនមួយដ៏មានឥទ្ធិពល សម្រាប់ពញ្ញាក់ស្មារតីដល់មន្ដ្រីអ្នកអនុវត្តច្បាប់ទាំងឡាយ ដែលកំពុងតែកាន់តំណែងណាមួយ សម្រាប់ប្រជាពលរដ្ឋនោះ។
តាមរយៈ Comment ក្នុង Facebook របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះអំពីការលុបឈ្មោះលោកឧត្តមសេនីយ៍មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីនេះ គេសង្កេតឃើញថា មានការបញ្ចេញមតិយ៉ាងច្រើនជាបន្ដបន្ទាប់ ហើយមានមតិមួយចំនួនស្នើឲ្យសម្ដេច ពិនិត្យមើលមន្ដ្រីខិលខូចមួយចំនួនទៀតផងដែរ។
គណនី Facebook ឈ្មោះ Viseth Som បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទគាំទ្រសម្តេច១០០% សូមគោរពជូនពរសម្តេច សុខភាពល្អបរិបូរណ៍។ នេះជាសក្ខីកម្ម និងការអនុវត្តជាក់លាក់។ សូមគាំទ្រសម្តេចបន្តវះកាត់សាច់មិនល្អចេញបន្តទៀត ខ្ញុំបាទជឿជាក់ថាប្រជាពលរដ្ឋនឹងគាំទ្រកំណែទម្រង់ដ៏ជាក់លាក់នេះ»។
Ros Savy បានលើកឡើងថា «ក្នុងនាមក្មួយជាយុវជនគំរូម្នាក់របស់ សម្តេចពូក្មួយសូមគាំទ្រចំណាត់ការរបស់ សម្ដេចពូ ក្នុងការវះកាត់ករណីនេះ ហើយក្មួយក៏ស្នើសុំសម្តេច ពូ បន្តវះកាត់សាច់ស្អុយបន្តទៀត បើសិនទុកខ្លាចបង្កទៅជាជំងឺមហារីក»។
Norun Sos បានសរសេរថា «ពិតជាចំណាត់ការដែលសុក្រិត្យ យុត្តិធម៌ និងសមហេតុផលជាទីបំផុត ពិសេសចំពោះមន្ដ្រីដែលគ្មានក្រមសីលធម៌មួយចំនួន (តូច) ដែលធ្វើអ្វី ឬនិយាយអ្វី មិនដែលសូម្បីតែគិតពីកិត្តិសព្ទស្ថាប័ន និងប្រទេសជាតិ មិនតែប៉ុណ្ណោះយកឈ្មោះសម្តេច ជាល្បែងកំសាន្តអួតសប្បាយថែមទៀត។ គោរពជូនពរសម្តេច មានសុខភាពល្អ ដើម្បីបន្តបេសកកម្មសុខសន្តិភាព និងការអភិវឌ្ឍ»។
មិនខុសគ្នាប៉ុណ្ណោះ គណនី Facebook ឈ្មោះ Kolboth Deacho បានសរសេរយ៉ាងដូច្នេះថា «អរគុណសម្តេចដែលបានកាត់សាច់មិនការចោល ក្នុងនាមខ្ញុំជាប្រជាពលម្នាក់ ក៏ដូចជាពលរដ្ឋដ៍ទៃទៀតត្រេកអរខ្លាំងណាស់ និងសូមជូនពរសម្តេច មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន និងសន្តិភាព»។
សូមជម្រាបថា ការស្នើថ្វាយព្រះមហាក្សត្រ ដើម្បីលុបឈ្មោះលោក គឹម រស្មី ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លង លោក គឹម រស្មី នៅក្នុងពិធីខួបកំណើតបានប្រកាសនៅលើវេទិកា ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ៕