(ភ្នំពេញ)៖ ឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានថ្លែងថា ឆ្នាំ២០១៨ ករណីពុលចំណីអាហារនៅកម្ពុជា មានចំនួន១៣ដង អ្នកជំងឺ ២០៣នាក់ មកសម្រាកពេទ្យ ១៩៦នាក់ និងស្លាប់ចំនួន១២នាក់ ។
ការថ្លែងដូច្នេះរបស់ឱសថការី អាំងហុកស្រ៊ុន ក្នុងសិក្ខាសាលាសុខភាព ក្រោមប្រធានបទ «ការពុលចំណីអាហារ និងវិធានការពារ» នៅថ្ងៃទី០៩ ខែកុម្ភៈនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) ដែលមានវាគ្មិនអញ្ជើញចូលរួម ពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ, ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត, លោក លី ទីន អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្តង់ដា បណ្ឌិត អ៊ុយ ដាវិន នាយកមជ្ឈមណ្ឌលស្រាវជ្រាវ ដែលបានផ្ដួចផ្ដើមរៀបចំ ដោយប្រធានមូលនិធិ អៀង លោក អៀង សុធារ៉ា ។
ឱសថការី អាំង ហុកស្រ៊ុន បានថ្លែងបន្ដថា «ក្នុងឆ្នាំ២០១៥ មានករណីពុល ៣៣ដង អ្នកជំងឺ ១,៩៥៧នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន១,៩២៨ ស្លាប់២៨នាក់, ឆ្នាំ២០១៦ ករណីអាហារ១៩ដង អ្នកជំងឺ៧០៣នាក់ សម្រាកព្យាបាល ៦៦០នាក់ ស្លាប់១៥នាក់, ឆ្នាំ២០១៧ ករណីពុលអាហារចំនួន២៨ដង អ្នកជំងឺ ៨៤៥ សម្រាកព្យាបាល ៨១៦ ស្លាប់០៤នាក់ និងឆ្នាំ២០១៨ មានចំនួន១៣ដង អ្នកជំងឺ ២០៣នាក់ សម្រាកពេទ្យ១៩៦នាក់ ស្លាប់១២នាក់»។
ក្នុងឱកាសនោះ ឱសថការី បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យអនុវត្តតាមគន្លឹះ៥យ៉ាង ដើម្បីសុវត្ថិភាពចំណីអាហារ រួមមាន៖
១៖ រក្សាភាពស្អាត (លាងដៃនឹងសាប៊ូមុនពេលរៀបចំធ្វើម្ហូប និងក្រោយពេលបន្ទោបង់,ចង្រ្កាន កន្លែងលាងចាន ចានក្បានស្អាត និងស្ងួត, ការពារផ្ទះបាយ និងអាហារពីសត្វ ដូចជាកណ្តុរ កន្លាត រុយ និងសត្វល្អិតផ្សេងៗ)
២៖ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
៣៖ ចំអិនអាហារឲ្យបានឆ្អិនល្អ
៤៖ ទុកដាក់អាហារនៅសីតុណ្ហភាពមានសុវត្ថិភាព (ចូរទុកអាហារឆ្អិនស្រាប់ នៅសីតុណ្ហភាពធម្មតាក្នុងបន្ទប់ មិនលើសពីពីរម៉ោង ,ដាក់ចំណីអាហារដែលងាយស្អុយ ឬខូច និងអាហារដែលចម្អិនរួចទៅក្នុងទូរទឹកកកឬធុងទឹកកកភ្លាមក្នុងកំរិតសីតុណ្ហភាពតិចជាងប្រាំអង្សារសេ ,ទុកអាហារឆ្អិនឲ្យនៅក្តៅជានិច្ច ក្នុងកំរិតសីតុណ្ហភាពលើសពី៦០អង្សារសេ ,ចូរកុំទុកអាហារយូរពេក ទោះបីដាក់ក្នុងទូរទឹកកកក៏ដោយ)
៥៖ ប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ (ចូរប្រើប្រាស់ទឹកស្អាត ,ជ្រើសរើសអាហារដែលនៅស្រស់ និងនៅទាំងមូល មិនឆែប មិនបែកមាត់ចាប ,លាងបន្លែផ្លែឈើ ដោយទឹកស្អាត ពិសេសប្រសិនបើត្រូវរៀបចំញ៉ាំឆៅ ,លាងចាន ស្លាបព្រា សម ចង្កឹះ កែវ ដោយទឹកស្អាត ។ ជាងនេះទៅទៀត ន្លែងលាងចានត្រូវស្ថិតនៅលើធ្នើដែលមានកម្ពស់យ៉ាងតិច៦០ស.ម (៦តឹកខ្ពស់ពីដី ឬពីផ្ទៃបាត) ៕
ទន្ទឹមនឹងនោះ លោកបានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិ ត្រូវពិនិត្យមើលស្លាកសញ្ញា A, B, C ឬវិញ្ញាបនបត្រអនាម័យពីក្រសួងសុខាភិបាល ដែលបានប្រគល់ជូនដល់ភោជនីយដ្ឋាន ដែលបានទទួលការបណ្ដុះបណ្ដាល និងអនុវត្ដន៍ទៅតាមការកំណត់របស់ពីក្រសួង ដើម្បីផ្ដល់នូវសុខសុវត្ថិភាពផ្នែកចំណីអាហារ ជូនប្រជាពលរដ្ឋកម្ពុជា និងដល់ភ្ញៀវអន្ដរជាតិ ៕