(ភ្នំពេញ)៖ សមដូចពាក្យលោក គង់ គាំ ពិពណ៌នាមែនគឺ លោក សម រង្ស៊ី ជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត»។ នេះជាពាក្យបីមាត់ដ៏មហាសែនត្រឹមត្រូវមិនថា កាលពីពេលកន្លងទៅ បច្ចុប្បន្ន និងទៅអនាគតគឺ សម រង្ស៊ី មិន ដែលគិតត្រូវម្តងណាឡើយ។ ជាក់ស្តែង ពេលនេះ សម រង្ស៊ី កំពុងច្រឡំបល់និងវាយតម្លៃស្ថានការណ៍ខុសស្រឡះ។
ទី១៖ សម រង្ស៊ី យល់ច្រឡំថា ភ្នំព្រះសុមេរុ៍គឺជាកូនដុំទឹកកក៖
ការក្លែងបន្លំសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជាហើយហ៊ានទាំងយកមកបង្ហោះលើបណ្តាញសង្គម ផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះព្រោះតែ សម រង្ស៊ី គិតដោយភាន់ច្រឡំថាធ្វើបែប នេះអាចបំបែកគណបក្សប្រជាជនកម្ពុជាបាន។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា គណបក្សប្រជាជនគឺជាគណបក្សតែមួយគត់នៅកម្ពុជា ដែលមានភាពចំណាស់ទាំងអាយុ ទាំងគំនិត និងទាំងនយោបាយ។ ខ្ញុំកត់សំគាល់ថាគណបក្សដ៍ធំមួយនេះអាចស្ថិតស្ថេររឹងមាំកាន់អំណាចបានជាង៤០ឆ្នាំមកនេះក៍អាស្រ័យតែបក្សនេះមានសាមគ្គីឯកភាពផ្ទៃក្នុង ដ៏រឹងមាំនិងវិន័យដ៏ល្អដែលគ្មានគណបក្សណាមួយ នៅស្រុកខ្មែរយើងអាចធ្វើដូចឡើយ។ សាមគ្គីភាពនិងការឯកភាពផ្ទៃក្នុងនេះគួបផ្សុំនឹងវិន័យនេះហើយ ដែលជាសរសរគ្រឹះដ៏រឹងមាំដូចភ្នំព្រះសុមេរុ៍ដែលអាចអនុញ្ញាតឲ្យគណបក្សនេះ កាន់អំណាចជាង៤០ឆ្នាំមកហើយ និងនៅតែបន្តរឹងមាំ ហើយកាន់តែរឹងមាំឡើងថែមទៀត។
ដូច្នេះខ្ញុំយល់ថា ម៉ាត្រឹមក្លែងការបន្លំសេចក្តីថ្លែងការណ៍ដែលប្រៀបបាននឹង ល្បែងកូនក្មេងនេះ មិនអាចធ្វើឲ្យគណបក្សដឹកនាំដោយសម្តេច ហ៊ុន សែន របេះរោមសូម្បីតែមួយបានឡើយ។
តាមពិតទៅល្បិចបំបែកសម្តេច ហ៊ុន សែន ពីសម្តេច ជា ស៊ីម និងសម្តេច ស ខេង ត្រូវបាន សម រង្ស៊ី លេងតាំងពីយូរឆ្នាំមកហើយ ប៉ុន្តែគ្មានឡើយលទ្ធផលសូម្បីតែប៉ុនក្រចក។
ទី២៖ សម រង្ស៊ី យល់ច្រឡំថាអង្កាមមានប្រយោជន៍ជាងអង្ករ៖
នៅពេលពលរដ្ឋខ្មែរកំពុងរស់នៅដោយសុខសាន សម្បូរសប្បាយ ហើយមានជីវភាពកាន់តែធូរធារជាងមុនជាលំដាប់និង នៅពេលដែលគ្រប់គ្នាគិតពីការសង់ផ្ទះថ្មី ទិញម៉ូតូថ្មី ឡានថ្មី ទូរស័ព្ទដៃថ្មី និងកំពុងគិតថា ចូលឆ្នាំថ្មីឆ្នាំនេះទៅលេងនៅឯណា សម រង្ស៊ី បែរជាអំពាវនាវឲ្យពលរដ្ឋងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាលដូចនៅប្រទេស វ៉េណេហ្ស៊ុយអេឡា។ តើពលរដ្ឋខ្មែរណាទៅចាក់អង្ករដូរយកអង្កាមតាមលោក សម រង្ស៊ី? ពួកគេច្បាស់ជាចង់រស់នៅក្នុងសុខសន្តិភាព ចង់ឃើញការអភិវឌ្ឍន៍ និងចង់ឃើញអនាគតកូនចៅភ្លឺស្វាង គឺច្បាស់ជាមិនចង់ប្រែក្លាយប្រទេសទៅជាស៊ីរី លីប៊ី ឬវ៉េណេហ្ស៊ុអេឡាទេ តាមការញុះញង់របស់ លោក សម រង្ស៊ី ឡើយ។
ទី៣៖ សម រង្ស៊ី ដេកយល់សប្តិថា ខ្មែរចង់វិលទៅរករបបខ្មែរក្រហមវិញ៖
ដោយសារភាពស្រមើស្រមៃដោយការភាន់ច្រឡំបែបនេះហើយបានជា សម រង្ស៊ី បានលើកគោលនយោបាយប៉ុលពត មកអនុវត្ត គឺរឹបអូសដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានទៅចែកអ្នកក្រ។ គោលនយោបាយដែល បង្កប់ដោយកំហឹងវណ្ណៈនេះត្រូវបានប៉ុល ពត អនុវត្តរួចហើយចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។ ជាលទ្ធផលគឺ ត្បូងចប គល់ឬស្សី គ្មានលុយចាយ គ្មានបាយហូប ហើយទាំងអស់គ្នាទៅធ្វើស្រែដើម្បីបម្រើអង្ការតាមផែនការ មហាលោតផ្លោះមហាអស្ចារ្យ ធ្វើឲ្យខ្មែរវេទនាខ្លោចផ្សារស្លាប់ស្ទើរផុតពូជ។ តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ជឿ និងធ្វើតាមគោលនយោបាយលោក សម រង្ស៊ី ដែលចម្លងចេញទាំងស្រុងពី ប៉ុល ពត?
ទី៤៖ សម រង្ស៊ី ផឹកថ្នាំច្រឡំដេកយល់សប្តិថាគាត់ជាមេទ័ពដែលអាចបញ្ជាទ័ពបាន៖
សម រង្ស៊ី ដែលពីមុនធ្លាប់តិះដៀលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា ជាឧបករណ៍រំលោភសិទ្ធិមនុស្ស ដែលធ្វើឲ្យកងកម្លាំងប្រដាប់អាវុធខឹងសម្បារ និងបញ្ចេញប្រតិកម្មតបយ៉ាងខ្លាំងៗនោះ ឥឡូវស្រាប់តែបែរមកធ្វើជាអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា នាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកំពុងឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ នៅកម្ពុជា កងកម្លាំងប្រដាប់អាវុធគឺជារបស់ជាតិក្រោមការបញ្ ជាដឹកនាំរបស់រាជរដ្ឋាភិបាល។ មេទ័ពធំជាងគេបំផុត គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែន សម រង្ស៊ី ទេណា។ បើតាមមិត្តភ័គ្ររបស់ខ្ញុំដែលនៅធ្វើការក្នុងជួរទ័ព ប៉េអឹមនិង ប៉ូលីសបានខ្សឹបប្រាប់ឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធទាំងអស់បានត្រៀមរួចហើយ គឺត្រៀមចាប់ខ្លួន សម រង្ស៊ី បញ្ជូនទៅពន្ធនាគារ។
សរុបសេចក្តីទៅផែនការទាំងប៉ុន្មានដែល សម រង្ស៊ី ដាក់ចេញគឺសុទ្ធតែផែនស្ករដែលកើតចេញពីគំនិត គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើតដូចលោក គង់ គាំ ថាមែន។
ឥឡូវនេះ សម រង្ស៊ី កំពុងលង់ខ្លួន នឹងពាក្យសន្យាដោយបង្ខំចិត្តអំពីការវិលត្រឡប់វិញ។ កាលពីឆ្នាំ២០១៥ សម រង្ស៊ី ធ្លាប់បានប្រកាសក្តែងៗថាគាត់នឹងមកកម្ពុជាវិញ ប៉ុន្តែទីបំផុតអត់ហ៊ានមកទេ។ ដើម្បីលួងចិត្តអ្នកគាំទ្រ សម រង្ស៊ី ប្រឌិតរឿងថា បានទទួលសារពីទូតអាមេរិកប្រចាំកម្ពុជាដោយបញ្ជាក់ថា សម្តេច ស ខេង មិនឲ្យមក។ រឿងនេះធ្លាប់ត្រូវបានសម្តេច ស ខេង បដិសេធរួចហើយ។ ចាំមើលម្តងនេះ តើ សម រង្ស៊ី មានលេសអីដើម្បីលើកមកបិទបាំងភាពកំសាករបស់ខ្លួន ខណៈដែលឱសានវាទនៃការភ្នាល់ជាមួយសម្តេច ហ៊ុន សែន ក៏កាន់តែខិតជិតចូលមកដល់ រីឯការប្រកាស សន្យាជាមួយអ្នកគាំទ្រថាវិលចូលស្រុកវិញក៏បានជ្រុលមាត់ធ្វើរួចហើយដែរ។
ថ្ងៃនេះខ្ញុំបានស្តាប់ចំរៀងក្នុង YouTube ដែលនិពន្ធដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាពិរោះហើយខ្លឹមសារដែលលោកសរសេរនោះហាក់បីដូចជា ស្របទៅនឹងការភ្នាល់ក្នុងកំរិត VVIP ដែលឧសានុវាទនៃការសន្យារបស់គូភាគីនោះកាន់តែខិតជិតចូលមកដល់។
ហើយបើវិភាគលើកំណាព្យមួយបទនេះដែលថា «ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ, សង្សារបងអើយដល់ពេលហើយឬនៅ, ចិត្តអូនចិត្តដាច់ ចិត្តបងចិត្តខ្មៅ, ស្ពានក៏បាក់ ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមការសន្យា» គ្មានឡើយការលើកលែងទោសដល់មនុស្សចិត្តខ្មៅ ហើយ សម រង្ស៊ី ពេលនេះកំពុងជួបបញ្ហាស្ពានក៏បាក់ ទឹកក៏ជ្រៅទឹកជ្រៅ មានន័យថា សម រង្ស៊ី ជាអ្នកផ្តាច់ស្ពានដោយខ្លួនឯងជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន រីឯទឹកក៏ជ្រៅគឺគ្មានអ្នកណាជួយគាំទ្រគាត់ឲ្យបាន វិលវិញដោយសុវត្ថិភាពតាមការសន្យារបស់គាត់បានឡើយ ។ ហើយខ្ញុំយល់ថា បើ សម រង្ស៊ី មកគឺមានតែខ្នោះ និងគុករង់ចាំតែប៉ុណ្ណោះ។
នេះហើយជាគ្រោះថ្នាក់របស់មនុស្សដែលមិនចេះលេងអុក ដើរកូនអុកច្រឡំក្រឡាព្រោះតែការវាយតំលៃសភាពការណ៍មិនត្រូវ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ