(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលបានអំពាវនាវមិនឲ្យកងទ័ពស្តាប់បញ្ជា និងឲ្យមានការបះបោរ និងសេចក្តីថ្លែងការណ៍ដ៏ពិសពុលរបស់ជនរូបនេះ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ បុគ្គល សម រង្ស៊ី ដែលជាទណ្ឌិតជនជាតិខ្មែរមានសញ្ជាតិបរទេស បានធ្វើការអំពាវនាវឥតឈប់ឈរ ដល់សហគមន៍អន្តរជាតិ ឲ្យចោទសួរពីធម្មានុរូបភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងអំពាវនាវឲ្យកងយោធពលខេមរភូមិន្ទ និងប្រជាជន ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងសម្លេងឆ្នោតយ៉ាងច្រើនលើសលុបរបស់ម្ចាស់ឆ្នោត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ របស់ទណ្ឌិត សម រង្ស៊ី ដែលបានអំពាវនាវមិនឲ្យកងទ័ពស្តាប់បញ្ជា និងឲ្យមានការបះបោរ និងសេចក្តីថ្លែងការណ៍ដ៏ពិសពុលរបស់ជនរូបនេះ។
ក្នុងការអះអាងដែលគ្មានមូលដ្ឋានថា ការបោះឆ្នោតជាសកលកាលពីខែកក្កដា ឆ្នាំ២០១៨ មិនមានធម្មានុរូបភាព បុគ្គលរូបនេះ បានប្រើប្រាស់វោហាសាស្រ្តនយោបាយដដែលៗ ចំពោះរាល់ការបោះឆ្នោតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ១៩៩៨មក ដែលបុគ្គលនេះ និងគណបក្សដែលគាត់ដឹកនាំ បានទទួលបរាជ័យរហូតមក។
នៅពេលដែលទណ្ឌិត សម រង្ស៊ី អួតអាងខ្លួនឯងថាជាវីរៈបុរស និងទុក្ករបុគ្គល នៃលទ្ធិប្រជាធិបតេយ្យនោះ នៅក្នុងបណ្តាប្រទេសអឺរ៉ុប និងអារ្យប្រទេសធំៗ ផ្សេងទៀត បុគ្គលរូបនេះគួរត្រូវបានចាត់ទុកជាជនប្រជាភិថុតិ ជនប្រជាកលនិយមប្រកបដោយគ្រោះថ្នាក់ ជាតិនិយមហួសហេតុ និងប្រកាន់ពូជសាសន៍ ដែលដើរឃោសនាឲ្យមានការបែកបាក់ក្នុងសង្គម និងការផ្លាស់ប្តូររបបដោយមធ្យោបាយហិង្សា។ អ្នកបោះឆ្នោតកម្ពុជា បានបដិសេធដាច់អហង្ការនូវគោលបំណងទុច្ចរិតនេះ និងបានជ្រើសរើសមាគ៌ាប្រជាធិបតេយ្យ តាមរយៈដំណើរការបោះឆ្នោត។
បើតាមក្រសួងការបរទេស សេចក្តីថ្លែងការណ៍របស់បុគ្គលរូបនេះ មិនត្រឹមតែមើលស្រាលយ៉ាងធ្ងន់ធ្ងរ ដល់គណបក្សនយោបាយចំនួន១៩ទៀត ដែលបានចូលរួមបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងមើលស្រាលដល់ឆន្ទៈម្ចាស់ឆ្នោតប្រមាណ៨៣,០២% ដែលបានបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចដោយសំលេងភាគច្រើនលើសលុប។
កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា ក្នុងអត្រា៧,៧% ក្នុងរយៈកាលជាងពីរទស្សវត្សរ៍ រួមជាមួយនឹងស្ថិរភាពនយោបាយ ការបែងចែកផ្លែផ្កា នៃវិបុលភាពប្រកបដោយ
សមធម៌ គឺជាមូលដ្ឋានពន្យល់យ៉ាងច្បាស់នូវជម្រើស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានមាគ៌ាជាបន្តប្រកបដោយសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ការអំពាវនាវទាំងនេះ គឺគ្រាន់តែជាការអុចអាល និងញុះញង់ ដើម្បីតែមហិច្ឆតាចង់បានអំណាចរបស់ទណ្ឌិតរូបនេះតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាល នឹងប្រឆាំងទប់ស្កាត់តាមគ្រប់មធ្យោបាយ ចំពោះរាល់ការប៉ុនប៉ងនានា និងការធ្វើអន្តរាគមន៍ពីភាគីទី៣ ក្នុងការបង្កអស្ថិរភាព និងបំផ្លិចបំផ្លាញមាតុភូមិ ក៏ដូចជាសុភមង្គលរបស់ប្រជាជនយើង។ យើងនឹងការពារប្រជាជាតិយើង ប្រឆាំងទល់នឹងកលល្បិចទាំងនេះ ទោះក្នុងតម្លៃណាក៏ដោយ។
រាជរដ្ឋាភិបាលត្រូវបានជាប់ឆ្នោតដោយត្រឹមត្រូវ បង្កើតឡើងដោយស្របច្បាប់ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយបណ្តាប្រទេសជាច្រើន រួមទាំងប្រទេសនានា នៅក្នុងសហភាពអឺរ៉ុប និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗផ្សេងៗទៀត។
ក្រសួងការបរទេស បានអះអាងបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា រីករាយជាមួយនឹងចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ នៅក្នុងស្មារតីនេះហើយដែលយើងបានអំពាវនាវ មិនឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងឲ្យមានការគោរពអធិបតេយ្យភាពរបស់កម្ពុជា ដើម្បីឲ្យកម្ពុជាអាចបន្តដំណើរលើមាគ៌ារបស់ខ្លួន ឆ្ពោះទៅរកសាមគ្គីភាពជាតិ ការពង្រឹងថែមទៀតនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព
ឯកភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ៕