(ភ្នំពេញ)៖ នាយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យ លុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។
ការលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់ ហើយនេះជាអភិក្រមទី៥ «គឺជាការវះកាត់» ដែលសម្តេចតេជោបានដាក់ចេញសម្រាប់ការកំណែទម្រង់ស៊ីជម្រៅនៅក្នុងសកម្មភាពរបស់ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើ Facebook ផ្លូវការរបស់សម្តេចជាមួយព្រះរាជក្រឹត្យយ៉ាងដូច្នេះថា៖ «នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់»។
សូមជំរាបថា កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅក្នុងពិធីខួបកំណើតបានប្រកាសនៅលើវេទិកាចែកប្រាក់ដល់កូនៗចំនួន៥នាក់ ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។
ការចែកលុយដល់កូនៗរហូតដល់កន្លះលានដុល្លារនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ដោយងឿងឆ្ងល់ថា ឋានៈត្រឹមជាមេបញ្ជាការអាវុធហត្ថខេត្តមួយ មានទ្រព្យសម្បត្តិចែកកូនៗ រហូតដល់៥០ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះលោកបានអះអាងជាសាធារណៈថា លោកក៏បានបញ្ជូនកូនទៅរៀនដល់ប្រទេសសឹង្ហបុរីផងដែរ៕