(ព្រៃវែង)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ នឹងសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមទាំងអាជ្ញាធរខេត្តព្រៃវែង ដើម្បីរៀបចំយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ «គ្រាប់ឈាម នៃក្តីស្រឡាញ់» ដែលជាប្រធានបទថ្មី នៅក្នុងយុទ្ធនាការបរិច្ចាគឈាមលើកទី៣ ក្នុងឆ្នាំ២០១៩នេះ។
នៅក្នុងយុទ្ធនាការនេះ នឹងមានការអញ្ជើញចូលរួមផ្ទាល់ពី លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងកងកម្លាំងអង្គភាពទាំងបី យុវជន យុវនារី នៅតាមស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែង សិស្សានុសិស្ស សិល្បៈករ និងប្រជាជនទូទៅប្រមាណ១,២០០នាក់។ កម្មវិធីនេះ នឹងប្រារព្ធធ្វើនៅក្រុងព្រៃវែង ខេត្តព្រៃវែង ចាប់ពីវេលាម៉ោង០៧៖០០នាទីព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល។
សូមបញ្ជាក់ថា យុទ្ធនាការបរិច្ចាគឈាមលើកនេះ រៀបចំឡើងក្នុងគោលបំណងកៀងគរកម្លាំង និងពញ្ញាក់ស្មារតី ប្រជាពលរដ្ឋ យុវជន និងយុវនារី ខេត្តព្រៃវែង ចូលរួមចែករំលែកក្តីស្រឡាញ់របស់គាត់ តាមរយៈការចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ជួយដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។
យុទ្ធនាការនេះ ក៏ធ្វើឡើងស្របពេលទិវាបុណ្យនៃសេចក្តីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ នឹងឈានចូលមកដល់នាពេលខាងមុខនេះ ហើយយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ «គ្រាប់ឈាម នៃក្តីស្រឡាញ់» នឹងមានការរៀបចំការប្រគុំតន្រ្តី នៃសេចក្តីស្រឡាញ់ដែលមានការចូលរួមពីសំណាក់សិល្បៈករ សិល្បៈការនី មួយចំនួនផងដែរ ដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់ប្រជាជនកម្ពុជា។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា ឈាម១៥០ប្លោក ត្រូវការជារៀងរាល់ថ្ងៃ ដើម្បីជួយដល់ជីវិតមនុស្សជាទីស្រឡាញ់របស់យើង នៅទូទាំងប្រទេស។ ជាក់ស្តែងចំនួនអ្នកដែលស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងមួយថ្ងៃ មានត្រឹម១០ភាគរយប៉ុណ្ណោះ ខណៈពេល៦០ភាគរយទៀត បានមកពីក្រុមគ្រួសារផ្ទាល់ និងសាច់ញាត្តិរបស់ជនរគ្រោះ៕