(សៀមរាប)៖ សមាគម «មត៌កព្រះពុទ្ធសាសនា និងសង្គម» បានរៀបចំលំអានព្រះពុទ្ធសាសនា និងឧបត្ថម្ភសិក្ខូបរណ៍ (សម្ភារសិក្សា) ជូនសិស្សានុសិស្ស៨៥៥នាក់ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិទ្យាល័យរុនតាឯក ភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយឱវាទពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដល់ពួកគេ។
ព្រះរតនឃោសកោ សោម សេរីឫទ្ធី ស្ថាបនិកម្មវិធី បានមានសង្ឃដីការថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយឱវាទពាក្យប្រៀនប្រដៅ របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ និងពិធីបុណ្យមាឃបូជា ដល់សិស្សានុសិស្សគ្រប់ពីពិធីបុណ្យរបស់ព្រះពុទ្ធសាសនា ដល់ពុទ្ធសាសនិកវ័យក្មេង ដោយសារតែភាគច្រើនពិធីបុណ្យលើវិស័យព្រះពុទ្ធសាសនា ដឹងតែមនុស្សចាស់ជាដើមផងដែរ។
ព្រះរតនឃោសកោ សោម សេរីឫទ្ធី បានសង្ឃដីការបន្តថា នៅពេលដែលយុវវ័យជាច្រើន កំពុងឈ្លក់វង្វេងនឹងវប្បធម៌បរទេស ខ្លះទៀតកំពុងភ្លើតភ្លើននឹងវប្បធម៌ពាលាជាច្រើនទៅតាមសម័យសម្ភារនិយមនោះ ការអប់រំតាមបែបព្រះពុទ្ធសាសនា ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសពួកគេ។ បច្ចុប្បន្ននេះ មនុស្សភាគច្រើន ជាពិសេសក្នុងចំណោមយុវវ័យតែម្តងកំពុងរត់ប្រណាំងគ្នាខាងសម្ភារនិយម និងភាពជឿនលឿនហួសបែបបទមួយចំនួន ដោយទុកចោលមួយឡែកនូវសីលធម៌ និងគុណធម៌ដ៏មានតម្លៃរបស់សង្គម។ ភាពជាក្មេងទំនើងដែលកាប់ចាក់គ្នាគ្រាន់តែរឿងបន្តិចបន្តួច ការសេពគ្រឿងញៀន គ្រឿងស្រវឹង ការឈ្លក់វក់វីនឹងល្បែងស្នេហាខុសប្រពៃណី និងការស្រើបស្រាលជាមួយនឹងសម្ភារនិយមជាដើម កំពុងតែវាយលុកយ៉ាងពេញទំហឹងទៅលើយុវវ័យសម័យកំព្យូទ័រ។
នៅក្នុងបរិបទនេះ ការអប់រំតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា គឺជាឱសថដ៏ស័ក្តិសិទ្ធិមួយដើម្បីព្យាបាលជំងឺឈ្លក់វង្វេងរបស់យុវវ័យ។ ជាទូទៅ នៅពេលនិយាយពីព្រះពុទ្ធសាសនា គេច្រើនតែនាំគ្នាគិតដល់មនុស្សចាស់ពោល គឺព្រះសង្ឃហាក់ដូចជាអាចជួយតម្រង់ទិសបានតែមនុស្សចាស់ ដោយបំភ្លេចយុវវ័យចោលទាំងស្រុង។ ប៉ុន្តែតាមពិតវាមិនមែនដូច្នោះទេ ជាក់ស្តែងអ្វីដែលព្រះសង្ឃបាននិងកំពុងធ្វើជាមួយសិស្សសាលានៅពេលនេះ បានបង្ហាញយ៉ាងច្បាស់ថា ព្រះសង្ឃក៏មានឥទ្ធិពលខ្លាំងណាស់ដែរ ទៅលើស្រទាប់យុវវ័យ ប្រសិនបើការសម្តែងធម៌នោះមានលក្ខណៈសមស្របទៅនឹងការអប់រំផ្លូវចិត្តរបស់ពួកគេ។ និយាយតាមបែបផ្សេង ឱសថមានតម្លៃមាននៅគ្រប់ទិសទីក្នុងសង្គមខ្មែរយើង ប៉ុន្តែ បញ្ហានៅត្រង់ថា យើងមិនចេះប្រើប្រាស់ឬកែច្នៃវាឱ្យមានប្រយោជន៍សម្រាប់ព្យាបាលជំងឺសង្គមរបស់យើងតែប៉ុណ្ណោះ។
ទស្សនវិជ្ជាដ៏មានតម្លៃមួយដែលបង្កប់នៅក្នុងធម៌របស់ព្រះពុទ្ធ គឺនៅត្រង់ការអប់រំផ្លូវចិត្តឱ្យស្ងប់ វៀរចាកពីការលោភលន់ និងអំពើអសីលធម៌ផ្សេងៗ។ ទស្សនវិជ្ជានេះហើយដែលអាចយកឈ្នះលើភាពស្រើបស្រាលក្នុងសម័យសម្ភារនិយមដូចបច្ចុប្បន្ននេះបាន។ អ្វីដែលគួរពិចារណានោះគឺ តើគេគួរបណ្តោយឱ្យសង្គមទទួលរងការវាយលុកពីសាកលភាវូបនីយកម្មទៅតាមយថាកម្មរបស់វាដោយមិនខ្ចីរវីរវល់អ្វីទាំងអស់ ឬក៏គួរនាំគ្នាលាត់ដៃអាវ មូរជើងខោដើម្បីតម្រង់ទិសសង្គមរបស់យើងឱ្យឆ្ពោះទៅរកគោលដៅមួយច្បាស់លាស់?
ព្រះរតនឃោសកោ សោម សេរីឫទ្ធី បានសង្ឃដីការបន្ថែមថា ការពង្រឹងវិន័យក្នុងចំណោមសហគមន៍សង្ឃក៏ជាការចាំបាច់ខ្លាំងណាស់ដែរពីព្រោះការប្រព្រឹត្តមិនល្អរបស់បុគ្គលសង្ឃមួយចំនួនបាននិងកំពុងជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ដល់តម្លៃនៃព្រះពុទ្ធសាសនា។ ចូរកុំភ្លេចថា បុគ្គលដែលអាចដើរតួជាអ្នកអប់រំគេប្រកបដោយប្រសិទ្ធិភាព ទាល់តែជាបុគ្គលដែលជាទីគោរពរបស់អ្នកផងទាំងពួង។ នៅកម្ពុជាទីណាក៏មានវត្តអារាម និងមានព្រះសង្ឃដែរ ដូច្នេះ វាមិនជាការពិបាកឡើយក្នុងការបញ្ចូលការអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនាទៅក្នុងសាលាឱ្យបានព្រមៗគ្នានៅទូទាំងប្រទេសនោះ។ នៅពេលដែលយុវវ័យទទួលយកការអប់រំបែបនេះកាន់តែច្រើន ពួកគេនឹងបានស្ងប់ចិត្ត ស្គាល់គុណ ស្គាល់ទោស និងឈប់ប្រព្រឹត្តអំពើមិនគួរគប្បីទៀតជាមិនខានឡើយ។
ព្រះរតនឃោសកោ សោម សេរីឫទ្ធី បានសង្ឃដីការបញ្ជាក់ថា ជាពិសេសគឺដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលបានចូលរួម សម្រាប់កម្មវិធីបន្ទាប់ពីបិទវគ្គ សមាគម មត៌កព្រះពុទ្ធសាសនា និងសង្គម នឹងចែកសម្ភារជាកង និងសៀវភៅជូនដល់សិស្សានុសិស្ស ដែលជីវភាពក្រីក្រផងដែរ៕