(ឥណ្ឌា)៖ មន្ដ្រីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការបង្ការ ព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន រយៈពេល១សប្ដាហ៍ ពោលចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បញ្ចប់ដោយជោគជ័យ នៅទីក្រុងញូវដាលី នៃសាធារណរដ្ឋឥណ្ឌា។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឲ្យសិក្ខាកាមកម្ពុជា និងជាអ្នកសម្របសម្រួល បានប្រាប់ឲ្យដឹងថា តាមរយៈទស្សនកិច្ចសិក្សា និងការបទបង្ហាញនានា របស់សាស្រ្តាចារ្យជំនាញ ដែលបាននិងកំពុងបម្រើការងារពាក់ព័ន្ធការងារបង្ការ ព្យាបាលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អ លើកកម្ពស់ការយល់ដឹងពីការងារនេះ ដល់មន្រ្តីរបស់កម្ពុជាទាំង១៥រូប។
លោកប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ទៀតថា ចំណេះដឹងដែលទទួលបានរួមមាន៖ បញ្ហាគ្រឿងញៀន ប្រភេទគ្រឿងញៀន និងកត្តាជំរុញឲ្យប្រើគ្រឿងញៀន (កត្តាជីវសាស្រ្ត កត្តាចិត្តសាស្រ្ត កត្តាសង្គម) និងភាពញៀនគ្រឿងញៀន, ចេះប្រើឧបការណ៍សម្រាប់វាយតម្លៃគ្រោះថ្នាក់ នៃការប្រើគ្រឿងញៀន (ASSIST) និងអន្តរាគមន៍បឋម, ការផ្តល់ប្រឹក្សាអ្នកញៀនគ្រឿងញៀន ដោយឈលើគោលការណ៍ស្ម័គ្រចិត្ត និងរក្សាការសម្ងាត់, ការគ្រប់គ្រងភាពញៀនគ្រឿងញៀន តាមរយៈការវាយតម្លៃ ព្យាបាលបែបចិត្តសាស្រ្ត ប្រកបដោយវិជ្ជាជីវៈ ការព្យាបាលជំងឺរួមផ្សំ ការស្តារនីតិសម្បទា និងការអប់រំពីភាពញៀនគ្រឿងញៀន និងការព្យាបាលដោះស្រាយបញ្ហាគ្រួសារ។
លោក លឹម តុងហួត បានបន្ដថា ការងារព្យាបាលអ្នកញៀនគ្រឿងញៀនជោគជ័យ គឺត្រូវចូលរួមពីគ្រប់សមាសភាព ក្នុងសហគមន៍ធ្វើការលើកទឹកចិត្ត បញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលសេវាព្យាបាល ដោយគ្រួសារត្រូវតែចូលរួម និងដោះស្រាយបញ្ហាផ្សេងក្នុងគ្រួសារ ដើម្បីកុំឲ្យអ្នកញៀនគ្រឿងញៀន ត្រឡប់ទៅប្រើគ្រឿងញៀនវិញ។
ជាមួយគ្នានេះដែរ លោក លឹម តុងហួត បានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់សូមថ្លែងអំណរគុណដល់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា សាស្រ្តាចារ្យ និងគ្រូឧទ្ទេសនាម ដែលបានផ្តល់ឱកាស និងផ្តល់ជំនាញដល់សិក្ខាកាមទាំងអស់ បានមកសិក្សាបង្កើនចំណេះដឹង លើការងារអប់រំ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
សូមបញ្ជាក់ថា កម្ពុជាបានចាត់បញ្ជូនមន្រ្តី១៥រូប ទៅទទួលការបណ្តុះបណ្តាលនៅទីក្រុងញូវដាលី ប្រទេសឥណ្ឌា ដោយចេញដំណើរពីថ្ងៃទី០៣ ខែកុម្ភៈ និងត្រឡប់ដល់កម្ពុជាវិញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ៕