(អាមេរិក)៖ អតីតមន្ត្រីទូតជាន់ខ្ពស់អាមេរិកមួយរូប គឺលោក នីកូឡាស់ ប៊ឺនស៍ (Nicholas Burns) បានលើកឡើងថា អំឡុងពេលដែលសហរដ្ឋអាមេរិក និងប្រទេសចិនឈានទៅរកការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះ មហាយក្សទាំងពីរនេះក៏ត្រូវតែរៀនសូត្រពីវិធីសាស្ត្រក្នុងការសហការគ្នាផងដែរ ដើម្បីតទល់នឹងការប្រកួតប្រជែងនានានៅលើសកលលោក។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Burns បានបញ្ជាក់យ៉ាងដូច្នេះថា «អាមេរិក និងចិន ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងការប្រកួតប្រជែងជាច្រើន នៃទំនាក់ទំនងទ្វេភាគីនោះ ប្រទេសទាំងពីរគួរតែរៀនសូត្រពីរបៀបនៃការប្រកួតប្រជែងជាមួយគ្នា ក៏ដូចជាវីធីសាស្ត្រធ្វើការងារជាមួយគ្នាផងដែរ...។ សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសសេដ្ឋកិច្ចធំៗបំផុតលើលោក ដូច្នេះទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ គឺជារឿងសំខាន់បំផុតដែលភាគីទាំងពីរត្រូវតែគិតគូរ...។ ប្រទេសទាំងពីរនេះពិតជាទទួលបន្ទុកច្រើនណាស់ ចំពោះសន្តិភាព និងស្ថិរភាពពិភពលោក»។
គួរបញ្ជាក់ថា ក្រៅពីការផ្តល់ដំបូន្មានជុំវិញសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនខាងលើនេះ លោក Burns ក៏បានរិះគន់ផងដែរចំពោះទង្វើរបស់អាជ្ញាធរអាមេរិក ដែលបានរារាំងនិស្សិតចិនមួយចំនួន មិនឲ្យសិក្សាមុខវិជ្ជាខ្លះដែលពួកគេស្រឡាញ់ ដោយអាមេរិកបានលើកហេតុផលថា វាជាការប៉ះពាល់ដល់សន្តិសុខជាតិ។
លោក Burns បានសង្កត់ធ្ងន់ថា វាជារឿងដែលគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលអាមេរិកចាប់ផ្តើមកំណត់ថា អ្នកណាខ្លះអាចសិក្សានៅក្នុងប្រទេសនេះ និងអ្នកណាខ្លះដែលមិនអាចនោះ។ ការថ្លែងរបស់លោក Burns ធ្វើឡើងនៅក្នុងឱកាសនៃប្រារព្ធខួប ៤០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕