(មណ្ឌលគីរី)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងសហការីនាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួម ប្រមូលផលដំឡូងបារាំងរបស់លោក គ្រី ម៉េងឈាង នៅភូមិស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
លោក គ្រី ម៉េងឈាង បានជម្រាបជូនលោករដ្ឋមន្ត្រីថា ដំឡូងបារាំង គឺជាដំណាំថ្មី ដែលកសិករមិនទាន់ចាប់អារម្មណ៍ ធ្វើការដាំដុះទេ។ ម៉្យាងទៀតការដាំដុះដំណាំនេះ ទាមទារបច្ចេកទេសខ្ពស់ ជាពិសេសនោះ វាកំពុងស្ថិតក្នុងដំណាក់កាល នៃការពិសោធន៍ស្រាវជ្រាវនៅឡើយ។
លោកសង្ឃឹមថា បើការពិសោធន៍បានទទួលជោគជ័យ កសិករនឹងចាប់អារម្មណ៍ដាំច្រើននាពេលអនាគត ពីព្រោះដាំណាំនេះមានទីផ្សារល្អ និងតម្លៃខ្ពស់ទៀតផង បច្ចុប្បន្នលក់បាន៥៦០០០រៀល ក្នុង១គីឡូក្រាម។ ដោយសារចំណូលនេះហើយ ធ្វើឲ្យជីវភាពរបស់គ្រួសារគាត់ធូរធា ព្រោះក្នុង១វគ្គប្រមូលផល គាត់អាចទទួលចំណូលបាន១៧,០០០ដុល្លារ (គិតទាំងថ្លៃដើម)។
លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះសាកលវិទ្យាល័យភូមិន្ទកសិកម្ម អ្នកស្រាវជ្រាវ និងអង្គការ KOPIA ជាពិសេសម្ចាស់ចំការ ដែលបានសហការធ្វើការសិក្សាស្រាវជ្រាវ រហូតទទួលបានលទ្ធផលជាផ្លែផ្កា ដូចយើងបានឃើញនាពេលនេះ។
លោកសូមឲ្យក្រុមការងារបន្តស្រាវជ្រាវបន្ថែមទៀត ប្រយោជន៍ស្វែងរកលទ្ធផលល្អមួយ តាមការរំពឹងទុក ដើម្បីធ្វើការផ្សព្វផ្សាយឲ្យកសិករដាំដំណាំនេះ បានទូលំទូលាយទូទាំងខេត្តមណ្ឌលគីរី ធានាបរិមាណផ្គត់ផ្គង់ តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនជាជនជាតិភាគតិចនាពេលអនាគត។
លោកបន្ដថា គួរស្វែងរកដៃគូវិនិយោគ ដើម្បីធានាដល់និរន្តរភាពផលិត ផ្គត់ផ្គង់ គុណភាព និងអនាម័យ ដោយត្រូវអនុវត្តតាមផលិតកម្ម-កសិកម្មតាមកិច្ចសន្យា។ លោកក៏បានស្នើឲ្យសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើងាកមកចាប់អារម្មណ៍ដាំដំឡូងបារាំង ដើម្បីកែលម្អកម្រិតជីវភាព បង្កើតអាជីពថ្មី កាត់បន្ថយការពឹងអាស្រ័យតែលើផល និងអនុផលព្រៃឈើ។
ជាមួយគ្នានេះលោក វេង សាខុន បានស្នើឲ្យគម្រោង សហការជាមួយម្ចាស់ចំការ ពិនិត្យលទ្ធភាពរៀបចំជាតំបន់ទេសចរណ៍ ផ្តល់ឱកាសឲ្យភ្ញៀវដកដំឡូង និងទិញផលដំឡូង ដើម្បីបង្កើតការងារបន្ថែម និងបង្កើនចំណូលឲ្យមាននិរន្តរភាព។
សូមជម្រាបថា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយអង្គការ KOPIA និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តគម្រោង ស្តីពីការផ្សព្វផ្សាយ និងផលិតកម្មដំឡូងបារាំងនៅកម្ពុជា។ គម្រោងបាននាំយកពូជ ពីប្រទេសវៀតណាម កូរ៉េ អាឡឺម៉ង់ និងកាណាដា -ល-។ ដោយជ្រើសរើសយកលោកគ្រី ម៉េងឈាង ធ្វើជាដៃគូដាំសាកល្បងតាំងពីឆ្នាំ២០១៦។
លទ្ធផលនៃការពិសោធន៍ស្រាវជ្រាវ បានបង្ហាញថា នៅឆ្នាំដំបូងដំឡូងជួបបញ្ហាជំងីផ្សិត រលួយគល់ និងសត្វល្អិត នៅឆ្នាំបន្ទាប់ការពិសោធន៍លើកទី១ ត្រូវបរាជ័យដោយសារទឹកភ្លៀង តែលើកទី២ ទទួលបានលទ្ធផលល្អប្រសើរ ហើយទិន្នផលពូជខ្លះ អាចទទួលបានរហូត២៥តោន ក្នុងមួយហិកតាខ្ពស់បំផុត និងទាបបំផុត ២.៣តោនក្នុងមួយហិកតា។
ដោយឡែកនៅឆ្នាំ២០១៨ កន្លងមកនេះ ការពិសោធន៍ត្រូវបានចែក ជា៣ដំណាក់កាល លើកទី១ ទិន្នផលទទួលបាន១៧តោនក្នុងហិកតា ហើយលើកទី២ និងទី៣ នឹងប្រមូលផល នៅក្នុងខែមីនាខាងមុខ៕