(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវឯកសារក្លែងក្លាយបំភ្លៃការពិត ត្រូវបានចែកចាយដោយទណ្ឌិត សម រង្សី នៅក្នុង Facebook របស់ខ្លួនក្នុងគោលបំណងញុះញង់ បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កឲ្យមានភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានច្បាប់របស់ទណ្ឌិត សម រង្ស៉ី ម្តងហើយម្តងទៀត ដើម្បីតែបំពេញមហិច្ឆិតា ក្នុងក្តីស្រមើស្រមៃរបស់ខ្លួន ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

យោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បញ្ជាក់ថា «យើងខ្ញុំសូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើបំពានច្បាប់របស់ទណ្ឌិត សម រង្សី ម្តងហើយម្តងទៀត ដើម្បីតែបំពេញមហិច្ឆតាក្នុងក្តីស្រមៃរបស់ខ្លួន និងសូមប្តឹងសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខរកជនដែលពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយពុំអាចលើកលែងបាន»

យោងតាមសេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា «យើងខ្ញុំសូមប្រកាសគាំទ្រជាឱឡារិក នូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៉ី បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ មានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើម្បីញុះញង់ និងបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។

សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ៕

សូមអានសេចក្ដីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទាំងស្រុង៖