(ពោធិ៍សាត់)៖ ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈម ហើយដោះស្រាយមិនបាន ជាពិសេសជនចាស់ជរាទីទ័លខ្លាំងនៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាតាមស្រុកមួយចំនួន ក្នុងខេត្តពោធិ៍សាត់នោះ ពួកគេតែងតែទូរស័ព្ទមកផ្ទាល់ និងចូលមកដល់សាលាខេត្តផ្ទាល់ ដើម្បីសុំឲ្យលោកអភិបាលខេត្ត ជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាករបស់ពួកគាត់។
ជាក់ស្តែងនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពលរដ្ឋជាង១០០នាក់ បានមកលើកដៃសំពះ ដើម្បីសុំឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ជួយ។ ឃើញសភាពបែបនេះ លោកអភិបាលខេត្ត មានចិត្តអាណិតអាសូរក្រៃលែង រួចក៏បានចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនោះ ឲ្យដូចជាគ្រួសារតែមួយ និងបានជូនស្បៀងសម្រាប់ដោះស្រាយជាបឋមទៅដល់ពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង។
លោក ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឪពុកម្តាយគេ បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនបាន ហើយរត់មកពឹងពាក់ហើយនោះ លោកមិនដែលធ្វើព្រងើយទេ។
លោកបានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ ពោលគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ។ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។ ម្យ៉ាងវិញទៀត ត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកទាំងអស់គ្នាជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួរសាររបស់លោក និងលោកស្រីផងដែរ។
លោកបានបន្ថែមថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ ក៏មានការពេញចិត្តគ្រប់ៗគ្នា។ វត្តមានរបស់លោក បានមកដឹកនាំនៅខេត្តពោធិ៍សាត់ ដោយសារសម្តេចជាអ្នកផ្តល់ជូន ដូច្នេះត្រូវគោរពដឹងគុណសម្តេច។
ប្រជាពលរដ្ឋនៅទីនោះ មានទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះលោកអភិបាលខេត្ត ដែលពួកគាត់ទទួលបានឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍អព្យាក្រឹត្យ និងមិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ពិសេសទាក់ទងនឹងបញ្ហាផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍ទំនប់ បង្ហៀរក្បាលហុង។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត។
ក្នុងថ្ងៃដដែលលោក ម៉ៅ ធនិន បានចុះពិនិត្យការដ្ឋានស្ថាបនាសួនច្បារ១៤មករា និងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ដែលមានទីតាំងនៅជាប់ស្ពានថ្ម ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕