(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលអំណោយមនុស្សធម៌ផ្ទះថ្មីមួយខ្នង ពីកាកបាទក្រហមកម្ពុជា បន្ទាប់ពីផ្ទះរបស់គាត់រងគ្រោះដោយសារភ្លើងឆេះ។
ផ្ទះថ្មីនោះត្រូវបានប្រគល់ជូនលោកស្រី ប៉ាត ចាន់លី មានជីវភាពក្រីក្រ មានសមាជិករហូត៤នាក់នៅក្នុងបន្ទុក ដែលផ្ទះរបស់គាត់ត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បាននាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងបានយកចិត្តទុកដាក់គិតគូរជានិច្ច ចំពោះគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះថ្នាក់ផ្សេងៗ ដោយមិនគិតពីនិន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរនោះទេ។ លោក អ៊ុន ចាន់ដា បានកោតសរសើរ ដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារដែលបានយកចិត្តទុកដាក់ ទំនុកបំរុងចំពោះគ្រួសាររងគ្រោះមួយនេះ។
លោក អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់គ្រួសាររងគ្រោះ សូមកុំអស់សង្ឃឹមក្នុងជីវិត ត្រូវមានការតស៊ូ ព្យាយាមខិតខំបង្កបង្កើនផល ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ ហើយអាជ្ញាធរដែនដីចាប់តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើមិនបណ្តែតបណ្តោយ ឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រស់ក្នុងភាពឯកាវេទនានោះទេ។
លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មិនឲ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ស្លាប់ ដោយសារអត់បាយដូចជំនាន់ ប៉ុល ពត នោះដែរ៕