(ស្ទឹងត្រែង)៖ អ្នកទេសចរជាង២ម៉ឺននាក់ បានទៅទស្សនាកម្សាន្តខេត្តស្ទឹងត្រែង នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងរយៈពេល៤ថ្ងៃទើបកន្លងទៅនេះ។ នេះបើយោងតាម របាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩
យោងតាមរបាយការណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តភាគឥសាន្តជាប់ព្រំដែនឡាវ មានចំនួនជាង២ម៉ឺននាក់ ត្រូវគេឃើញបាននាំគ្នាចូលមកកម្សាន្ត នៅតាមរមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ក្នុងរយៈពេល៤ថ្ងៃបន្តបន្ទាប់គ្នា គឺចាប់ពីថ្ងៃទី៤កុម្ភៈ ដល់ថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនកន្លងទៅនេះ។
របាយការណ៍មន្ទីរទេសចរខេត្តស្ទឹងត្រែង បានបង្ហាញទៀតថា ស្ថិតិភ្ញៀវទេសចរបានមកទស្សនា ក្នុងខេត្តស្ទឹងត្រែង រយៈពេល៤ថ្ងៃនោះ មានចំនួន២០,៧២៤នាក់ ស្មើនឹង ៣៥,៨៩ភាគរយ ពោលមានការកើនឡើងជាងឆ្នាំកន្លងទៅ៕