(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅចំណុចផ្សារព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ប្រតិបត្តិការនេះដោយអនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកស្នងការបន្ថែមថា ប្រតិបត្តិការនេះកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកព្រៃឈរ បង្ក្រាបដោយប្រើវិធានញុះញង់ ឃាត់ជនសង្ស័យម្នាក់ឈ្មោះ មឿន ម៉ុងហេង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងនោះកម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០២កញ្ចប់ធំ ទូរស័ព្ទ០១គ្រឿង ជញ្ជីងអេឡិចត្រូនិច០១គ្រឿង និងម៉ូតូ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕