(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានសម្តែងប្រតិកម្មទៅនឹងសារលើកសរសើរមួយនៅលើបណ្តាញសង្គម Facebook របស់ព្រះតេជគុណ ហោ សុខុន ដែលជាការលើកតម្កើងហួសនិស័យ ហើយអាចធ្លាក់ទៅក្នុងល្បិចនយោបាយទុច្ចរិទ្ធរបស់ក្រុមប្រឆាំង ដើម្បីបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។

ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី បន្ទាប់ពីទំព័រ Facebook មួយ ឈ្មោះ «Hor Sokhon Page» កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសារលើកសរសើរសម្តេចក្រឡាហោម ស ខេង ថាជា «ផ្កាយសំណាងរបស់កម្ពុជា» ព្រមទាំងលើកពីគុណបំណាច់មួយចំនួន។ ក្នុងខ្លឹមសារលើកសរសេរនោះ ព្រះតេជគុណ ហោ សុខុន សរសេរបានបញ្ជាក់ថា សម្តេច ស ខេង ជាមេដឹកនាំសន្តិភាពពិតៗ, សម្តេច ស ខេង ជាមេដឹកនាំគុណធម៌ពិតៗ, សម្តេច ស ខេង បាតដៃឥតមានប្រឡាក់ឈាមទេ!, សម្តេច ស ខេង ជាមេដឹកនាំប្រជាធិបតេយ្យពិតៗ ឬសម្តេច ស ខេង ជាមេដឹកនាំចិត្តធ្ងន់ មិនឆេវឆាវ មិនបញ្ជារឱ្យសម្លាប់មនុស្សឆៅៗទេ ជាដើម។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំព្រះករុណាខ្ញុំ មានការរំភើបយ៉ាងខ្លាំង ប៉ុន្តែក៏មានភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ដែរ ចំពោះពាក្យពេចន៍ នៅក្នុងសារនេះដែលមានន័យ ជាការលើកដាក់បណ្តុះបង្អាប់ លើកតម្កើងហួសនិស័យ រហូតដល់ខ្ញុំព្រះករុណាខ្ញុំយល់ឃើញថា សារនេះដូចជាបានធ្លាក់ចូលទៅក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិត ដែលតែងតែមានបំណងចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា»

បើតាមសម្តេចក្រឡាហោម, ជារឿយៗពួកអ្នកនយោបាយដែលមានគំនិតទុច្ចរិត ជានិច្ចជាកាលតែងតែបាន ថ្លែងសារមានន័យបញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះចំពោះថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលគ្មានអ្វីក្រៅពីបំណងចង់ឲ្យមានការ សង្ស័យគ្នា មិនទុកចិត្តគ្នា ឈ្នានីសគ្នា ដើម្បីធ្វើឲ្យមានការបែកបាក់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវាជាការនឹកស្រមៃសុទ្ធសាធដែលពួកគេគិតថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្លាក់ចូលក្នុងអន្លុងរបស់ពួកគេនោះ។

សម្តេចបានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្ត្រនៃបេសសកម្មរបស់ខ្លួន ហើយថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ គឺសុទ្ធតែមានការចូលរួម ពីថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរទូទៅ ។

សម្តេចបញ្ជាក់ថា «ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា គឺគ្រប់ជ័យជម្នះ ក្នុងបេសកកម្មបម្រើជាតិ របស់គណបក្សប្រជាជនកម្ពុជា មិនមែនកើតឡើងដោយសារតែអច្ឆរិយបុគ្គល ណាមួយឡើយ តែគឺជាការប្រមូលផ្តុំនូវ បញ្ញាញាណ ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្តរបស់ ថ្នាក់ដឹកនាំ សមាជិកគ្រប់ជាន់ថ្នាក់ ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ ដូច្នេះអ្វីៗជាស្នាដៃដែលរូបខ្ញុំព្រះករុណាផ្ទាល់ សម្រេចបានក្នុងបេសកកម្មបម្រើជាតិកន្លងមកនេះគឺគ្រាន់តែជាការរួមចំណែកដ៏តូចមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋតែប៉ុណ្ណោះ»

ឆ្លើយតបនឹងការប្រតិកម្មនេះ ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការសរសេររបស់ព្រះអង្គ មិនមានចេតនាបំបែកបំបាក់ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែជាការសរសេរចេញពីឆន្ទៈ មនសិកាពិត ការស្រលាញ់ និងការប្រមើមើលទៅថ្ងៃអនាគត។ ព្រះអង្គបានបន្ថែមថា ព្រះអង្គគាំទ្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រះអង្គតែងតែមានខ្លឹមសារលើកសរសើរ នូវថ្នាក់ដឹកនាំគណបក្សនេះជាបន្តបន្ទាប់ក្នុងនោះ ព្រះអង្គសរសេរអំពីគុណបំណាច់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ច្រើនជាងគេបង្អស់។

សារលើកសរសេរខាងលើនេះ ធ្វើឡើងស្របពេលដែល ក្រុមប្រឆាំងបើកយុទ្ធនាការបំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ក៏មានលិខិតក្លែងក្លាយមួយដាក់ឈ្មោះ គណបក្សប្រជាជនកម្ពុជា ត្រូវបានផ្សព្វផ្សាយ និងចែកចាយដោយក្រុមប្រឆាំង លោក សម រង្ស៉ី នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ផងដែរ។

សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ។

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយ ដោយប្រើរូបភាពជា «សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា» ដែលចែកចាយដោយ ទណ្ឌិត សម រង្ស៉ី ហើយចាត់ទុកថា ឯកសារក្លែងក្លាយនេះ បង្កើតឡើងក្នុងគោលបំណងញុះញង់បំបែកបំបាក់ គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរ ការអភិវឌ្ឍប្រទេសជាតិ៕