(ភ្នំពេញ)៖ ថ្លែងនៅមុខមេទ័ពកំពូលៗ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសក្តែងៗថា ទណ្ឌិត សម រង្ស៉ី មិនហ៊ានត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញនោះទេ ដោយសារតែខ្លាចជាប់ពន្ធនាគារ ហើយច្បាប់ក៏មិនត្រាប្រណីដល់ទណ្ឌិតរូបនេះដូចពីមុននោះដែរ ដោយសារទណ្ឌិតរូបនេះ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌរាប់មិនអស់ ព្រមទាំងព្យាយាមផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រឡើងពីការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញនគរ។
ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានធ្វើឡើង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តឆ្នាំ២០១៩ របស់កងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះ៖ «នៅធ្វើអីក៏ដោយវាថា នៅតែថាអញ្ចឹង រឿងអីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើល្អប៉ុណ្ណា ប៉ុណ្ណីនៅតែវាថាអញ្ចឹង ខ្ញុំនិយាយមែនទែនថារឿងនេះគឺយើងត្រូវតែប្តូរផ្តាច់គ្មានស្អីហៅថាត្រាប្រណីជាមួយវាបានទៀតទេ វាហ្នឹងគឺថាចាំនេះ ចាំនោះទេ ឬរកវិធីសម្រុះសម្រួលរបៀបណាទៀតទេ គឺដាច់ខាតហើយ ដាច់ខាតជាមួយវាម៉ង [...] ដូច្នេះវាត្រឹមត្រូវណាស់មានអ្នកខ្លះ បាននិយាយហើយថា អត់ទេឱ្យតែមកដល់គឺទទួលភ្លាម អត់មានស្អីទេ ទទួលយ៉ាងល្អប្រពៃកន្លែងរៀបចំទុកដាក់រួចហើយ វាគ្មានហ៊ានមកទេ»។
ជាមួយគ្នាដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអះអាងថា ទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី រូបនេះមិនហ៊ានចូលស្រុកខ្មែរនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទណ្ឌិតរូបបានប្រកូកប្រកាស ភូតកុហកបរទេសមួយចំនួនដែលមិនមានមកជាន់ទឹកដីកម្ពុជា ម្តងសោះឡើយ បែរជាជឿស៊ុប លើការបោកប្រាស់របស់ទណ្ឌិត សម រង្ស៉ី ថាប្រជាធិបតេយ្យនៅកម្ពុជា បានស្លាប់ហើយតាមអ្វីដែលជនបោកប្រាស់នេះ និយាយទៅវិញ កម្ពុជាបានរៀបចំការបោះឆ្នោតដែលមានចំនួនប្រជាជនជាង៨៣ភាគរយ ទៅចូលរួមបោះឆ្នោតភ្លុកទឹកភ្លុកដី បែរជាទណ្ឌិតរូបនេះនិយាយមិនខ្លាចក្រែងទាល់តែសោះ។
ទន្ទឹមនឹងនេះដែររប្រមុខការពារជាតិកម្ពុជា ក៏បានចោទជាចម្ងល់ថា «ហេតុអ្វីមានបរទេសមួយចំនួនរួមទាំងប្រជាជនកម្ពុជា មួយក្តាប់តូចនៅតែផ្គាប់មុខ និងនៅតែសង្ឃឹមសម្បើមណាស់ថា ទណ្ឌិត សម រង្ស៊ី ក្បត់ជាតិខ្លួនឯងរូបនេះ បានវិញត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដូចកាលពីមុនទៀត ជាងនេះថែមទាំងប្រកាសចេញមុខហែរហមទណ្ឌិតពាលាអាវាសែរូបនេះចូលមកកម្ពុជា ព្រមទាំងប្រកាសថាហ៊ានចូលគុកតាមទណ្ឌិតរូបនេះទៀត ប្រសិនបើតុលាការចាប់ខ្លួនដាក់គុក ហើយការចាប់ខ្លួនទណ្ឌិត សម រង្ស៉ី គឺធ្វើឡើងតាមផ្លូវច្បាប់ជាកំហិត»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី នេះមានរឿងរ៉ាវច្រើណាស់ ហើយនៅសល់តែ២៣ថ្ងៃទៀត ជាថ្ងៃកំណត់ថាខ្លួនចូលមកប្រទេសកម្ពុជា តាមពិតទៅទណ្ឌិតអគិតរូបនេះគ្មានបានការស្អីទាល់តែសោះ បើនិយាយទៅគឺពិបាកពន្យល់មែនទែនចំពោះទង្វើរដ៏ខ្មៅងងឹតរបស់ទណ្ឌិតថ្លុកកំប្លែងនេះ។ ប៉ុន្តែអ្វីកាន់តែមិនអាចអត់ឱនឱ្យបានទៀតនោះ គឺទណ្ឌិតរូបនេះ បានប្រើប្រាស់ប្រព័ន្ធព័ត៌មានក្លែងក្លាយបង្កើតព័ត៌មានមិនពិតក្នុងន័យបង្កចលាចលនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ទាំងនេះសបញ្ជាក់ឱ្យឃើញថាទណ្ឌិតរូបនេះអស់ផ្លូវដើរហើយ៕