(វេណេស៊ុយអេឡា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្មីៗនេះបានប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំងនៃប្រទេស វ៉េណេស៊ុយអេឡា លោក Juan Guaidó ជាមេដឹកនាំស្របច្បាប់ ព្រមទាំងបានជំទាស់ចំពោះការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់លោក Nicolás Maduro ។
ស្ថានភាពនេះជំរុញឱ្យមានការរំពឹងទុកថា សហរដ្ឋអាមេរិកអាចធ្វើអន្តរាគមន៍នៅក្នុងប្រទេស ដែលកំពុងមានវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធ្ងរកន្លងមក ដែលបានបណ្តាលឱ្យប្រជាជនជួបប្រទះភាពអត់ឃ្លានរាប់ពាន់នាក់ និងគ្មានឱសថប្រើប្រាស់។ ប្រជាជនប្រហែល ២៥០ពាន់នាក់ បានភៀសខ្លួនចេញពីប្រទេសដែលមានសេដ្ឋកិច្ចធ្លាក់ចុះមួយនេះទៅកាន់ប្រទេសជិតខាង ខណៈដែលមានមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានចាកចេញពីប្រទេសជារៀងរាល់ថ្ងៃ។
កាលពីខែវិច្ឆិកាកន្លងទៅនេះ ទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton បានថ្លែងសុន្ទរកថា ដោយបានហៅ វេណេស៊ុយអេឡាថាជាផ្នែកមួយនៃ "ភាពតានតឹង" របស់ប្រទេសលោកខាងលិច។ ជាមួយគ្នានេះ លោក Trump បានប្រកាសថា "ជម្រើសទាំងអស់ត្រូវបានលើកមកពិភាក្សា" ដើម្បីដោះស្រាយវិបត្តិប្រទេសវេណេស៊ុយអេឡា ដោយបដិសេធមិនធ្វើអន្តរាគមន៍ដោយកម្លាំងយោធា។
រហូតមកដល់ពេលនេះមិនមានសញ្ញាណាមួយបង្ហាញថា អាមេរិក គ្រោងធ្វើអន្តរាគមន៍ដោយកម្លាំងយោធានៅឡើយ។ ប៉ុន្តែការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តួលរំលំរបបលោក Maduroទំនងជាត្រូវបញ្ចប់ជាមួយនឹងកម្លាំងយោធាអាមេរិក ដែលមានវត្តមានក្នុងប្រទេសនេះអស់រយៈពេលជាយូរមកហើយ គ្រាន់តែចាំមើលថាតើអ្នកបង្កើតគោលនយោបាយ គ្រោងធ្វើរឿងនេះឬអត់។
* ការព្យាយាមរបស់អាមេរិកក្នុងផ្លាស់ប្តូររបបនយោបាយជាទូទៅច្រើនតែបរាជ័យ
ថ្វីបើអាមេរិកធ្លាប់មានប្រវត្តិសាស្ត្រដ៏យូរអង្វែងអំពីបេសកកម្មផ្លាស់ប្តូររបបដឹកនាំនៅអាមេរិកឡាទីនក្តី ប៉ុន្តែពួកគេ កម្រនឹងទទួលជោគជ័យណាស់។ អ្នកវិទ្យាសាស្ត្រនយោបាយ លោក Alexander Downes និង Lindsey O'Rourke បានពន្យល់ហេតុផលនានាដែលនាំឱ្យការផ្លាស់ប្តូររបបទំនងជាមិនមានអាចទៅរួច។ ការផ្លាស់ប្តូររបបនយោបាយជាទូទៅអាចនឹងបរាជ័យ នៅពេលដែលមហាអំណាចខាងក្រៅ ព្យាយាមបង្កើតស្ថាប័នអំណាចថ្មីក្នុង។ លទ្ធផលដែលទទួលបានភាគច្រើនគឺការកើតមានសង្គ្រាមស៊ីវិល ដូចដែលយើងបានឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់ស្រាប់។
ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ការអន្តរាគមន៍អាមេរិក ដែលធ្លាប់លូកដៃជាយូរណាស់មកហើយរបស់ក្នុងប្រទេស វេណេស៊ុយអេឡានោះ កិច្ចខិតខំប្រឹងប្រែងបែបនេះ មិនបានទទួលផលល្អអ្វីក្រៅពីធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងប្រទេសគោលដៅកាន់តែអាក្រក់ទៅៗនោះទេ។ ជាការពិតវាអាចមានករណីមួយចំនួន ដែលការធ្វើអន្តរាគមន៍របស់បរទេសទទួលបានជោគជ័យ ប្រទេសអាល្លឺម៉ង់ និងជប៉ុនបន្ទាប់ពីសង្គ្រាមលោកលើកទី២ ជាដើម ។ ប៉ុន្តែភាពជោគជ័យទាំងនោះ បានបង្កើតឡើង ដោយសារមានលក្ខខណ្ឌក្នុងស្រុកល្អស្រាប់ ចំណែកការិយាធិបតេយ្យក៏រឹងមាំគ្រប់គ្រាន់ដើម្បីគាំទ្រដល់របបលទ្ធិប្រជាធិបតេយ្យប្រកបដោយស្ថិរភាព។
ប៉ុន្តែ នៅពេលមានការលូកដៃដោយយោធា ការផ្លាស់ប្តូរបបនយោបាយមិនសូវជាផ្តល់លទ្ធផលល្អឡើយ។ ប្រជាពលរដ្ឋជារឿយៗ មិនសប្បាយចិត្តនឹងកងកម្លាំងបរទេសដែលបានលូកដៃក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសពួកគេ បង្កើតបានជាចលនាប្រឆាំង ដែលនឹងធ្វើឱ្យប្រទេសលូកដៃធ្វើអន្តរាគមន៍កាន់តែពិបាកក្នុងដើម្បីដកទ័ពរបស់ខ្លួនចេញ។
* អ្នកបង្កើតគោលនយោបាយគិតថា ការធ្វើអន្តរាគមន៍គឺជារឿងងាយ ជាហេតុនាំឱ្យមានភាពធ្វេសប្រហែសក្នុងការរៀបចំផែនការ
សូម្បីតែអ្នកឯកទេសប្រទេសមួយចំនួន នៅតែពិបាកក្នុងការយល់អំពីស្ថានភាពក្នុងដែនដីបរទេស ឬមិនអាចព្យាករណ៍ទុកជាមុនថាតើប្រជាពលរដ្ឋនៃប្រទេសគោលដៅនឹងឆ្លើយតបចំពោះអន្តរាគមន៍ដោយរបៀបណានោះ។ ភាពមិនប្រាកដប្រជាលើបញ្ហានេះ អាចនាំឱ្យអ្នកបង្កើតគោលនយោបាយនៃរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្វើការសន្និដ្ឋានប្រកបដោយសុទិដ្ឋិនិយម អំពីការធ្វើអន្តរាគមន៍របស់អាមេរិកថានឹងសម្រេចបាន ជោគជ័យទើបឈានទៅរកការជ្រើសយកមធ្យោបាយនៃការអន្តរាគមន៍ភ្លាមៗ។
នៅចាំបានទេថា មេដឹកនាំអាមេរិកប៉ុន្មាននាក់ សូម្បីលោកអនុប្រធាន Richard B. Cheney ជាដើម ដែលហាក់មានភាពប្រាកដប្រជាជាខ្លាំងថា ប្រជាជនអ៊ីរ៉ាក់នឹងស្វាគមន៍សហរដ្ឋអាមេរិកថាជា «អ្នករំដោះ» ហើយមិនបានមើលឃើញពីការបែកបាក់គ្នាក្នុងប្រទេសអ៊ីរ៉ាក់ រហូតឈានទៅរកសង្គ្រាមស៊ីវិលនោះឡើយ។
អ្នកវិទ្យាសាស្ត្រនយោបាយ លោក Araon Rapport បានបង្ហាញថា នៅពេលដែលអ្នកបង្កើតគោលនយោបាយប្រឹងផ្តោតអារម្មណ៍ខ្លាំងពេក លើការព្យាយាមពង្រីកសក្តានុពលខ្លួនឯងនោះពួកគេតែងតែមើលរំលងនូវបញ្ហាប្រឈមជាក់ស្តែង។ ការគិតខុសនៅក្នុងការវាយតម្លៃរបស់ពួកគេ ផ្តល់ឱ្យពួកគេហ៊ានទៅលើការសម្រេចចិត្តភ្លាមៗ ដោយអ្នកបង្កើតគោលនយោបាយទាំងនោះជឿជាក់ថា គោលដៅរបស់ពួកគេអាចសម្រេចបានយ៉ាងឆាប់រហ័ស និងចំណាយតិច។
* បទពិសោធន៍ក្នុងប្រទេសអ៊ីរ៉ាក់អាចបង្ហាញថា ការអន្តរាគមន៍អាមេរិក នឹងបានផលយ៉ាងដូចម្តេច?
ការស្រាវជ្រាវបង្ហាញថា ក្រោយពេល វត្តមានយោធា ទៅដល់ប្រទេសណាមួយ ទើបអាមេរិកអាចវាយតម្លៃពីស្ថានភាពមូលដ្ឋានបានត្រឹមត្រូវ និងវាស់ស្ទង់ថាតើវានឹងជួបការលំបាកបែបណាដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន។ ជារឿយៗ អ្នកនៅមូលដ្ឋានដែលបើកដៃដល់បរទេស មិនមានសមត្ថភាពគ្រប់គ្រាន់ដូចអ្នកបង្កើតគោលនយោបាយ បានរំពឹងទុកនោះទេ។ ពួកមហាអំណាចត្រូវបង្កើតមេដឹកនាំ និងស្ថាប័នក្នុងស្រុក បើមិនដូច្នោះទេប្រទេសនេះ នឹងជួបបញ្ហាអស្ថិរភាពប្រកបដោយភាពគ្រោះថ្នាក់។
យើងអាចមើលឃើញឧទាហរណ៍ជាក់ស្តែងក្នុងករណីនៃការផ្លាស់ប្តូររបបនយោបាយក្នុងប្រទេស អ៊ីរ៉ាក់។ អ្នករៀបចំផែនការរបស់អាមេរិក បានសន្មតថា បន្ទាប់ពីលោកសាដាមហ៊ូសេនត្រូវបានគេទម្លាក់ អាមេរិកនឹងបង្កើតការិយាធិបតេយ្យអ៊ីរ៉ាក់ ដើម្បីគ្រប់គ្រងអភិបាលកិច្ច ដើម្បីអាមេរិកអាចវិលត្រលប់មកផ្ទះវិញយ៉ាងឆាប់រហ័ស។ ផ្ទុយពីការរំពឹងទុកការិយាធិបតេយ្យរដ្ឋាភិបាលដែលបង្កើតថ្មីបែរជាទន់ខ្សោយ ដែលត្រូវការពឹងផ្អែកលើរបបដឹកនាំចាស់របស់អតីតប្រធានាធិបតីអ៊ីរ៉ាក់ លោក Hussein និងភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់លោកដើម្បីគ្រប់គ្រងប្រទេស។ ដោយសហរដ្ឋអាមេរិកគ្មានផែនការបម្រុងទុក ជាលទ្ធផលអាមេរិកត្រូវបន្តវត្តមានរយៈពេលយូរដើម្បីស្ថាបនារដ្ឋអ៊ីរ៉ាក់ឡើងវិញ៕