(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សុខសន្តិភាព និងឯករាជភាពជាតិ គឺជាបុព្វហេតុចម្បងមួយធ្វើឲ្យកម្ពុជារឹងមាំ និងរីកចម្រើនកាន់តែខ្លាំង។
ភ្ជាប់ជាមួយរូបថតមួយសន្លឹកដែលបានថតជាមួយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់លើ Facebook នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា «យើងរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីខិតកសាងប្រទេសជាតិឲ្យបានល្អ។ អ្វីដែលធ្វើឲ្យកម្ពុជាយើងរឹងមាំ និងកាន់តែរីកចម្រើនរុងរឿងទៅមុខ “គឺសន្តិភាព, ឯករាជភាព និងបូរណភាពទឹកដី” ដែលយើងដាច់ខាតមិនត្រូវយកទៅដូរនឹងថ្នូរអ្វីមួយនោះឡើយ»។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «កម្ពុជាទម្រាំមានថ្ងៃនេះ គឺបានឆ្លងកាត់ឧបសគ្គ និងការលំបាកខ្លាំងណាស់ ដូច្នេះយើងមិនត្រូវបណ្តោយឲ្យជនអគតិទាំងឡាយណា មកបំផ្លិចផ្លាញសេចក្តីសុខរបស់កម្ពុជាបានតទៅទៀតជាដាច់ខាត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ជនរួមជាតិ ដែលផ្តល់នូវទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្រសម្តេចក្នុងការដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខ៕