(ព្រះសីហនុ)៖ ក្នុងរយៈពេល២ខែចុងក្រោយនេះ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ សហការជាមួយអ្នកពាក់ព័ន្ធ បានចុះពិនិត្យការធ្វើអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្ដ្រៃយ៍ជនបរទេស ២,០៥២គោលដៅ ដែលមានជនបរទេសសរុបរួម៤០,៧៧០នាក់ ស្រី៨,៣៨៧នាក់ ក្នុងនោះមាន៥៧សញ្ជាតិ ដែលមានមុខរបរអាជីវកម្ម ចំនួន២១ប្រភេទ។
នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ដំបូង ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេសនាខេត្តព្រះសីហនុ របស់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩។
នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានដឹកនាំក្រុងការងារក្នុងយុទ្ធនាការ ចុះត្រួតពិនិត្យវត្តមានជនបរទេស បានបញ្ជាក់ថា ចំពោះការចុះត្រួតពិនិត្យវត្តមានជនបរទេស ក្រុមការងារគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ទទួលបានភាពជាក់លាក់តែទីតាំងគោលដៅអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្រ្តៃយ៍របស់ជនបរទេសតែប៉ុណ្ណោះ ចំពោះទិន្នន័យជាក់លាក់ពីចំនួនជនបរទេសដែលស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងរបស់ខ្លួន ដោយកន្លែងខ្លះមានភាពលាក់លាមមិនផ្ដល់ទិន្នន័យ គឺបានត្រឹមតែ៣០-៤០% និងកន្លែងខ្លះទៀត ទទួលបានត្រឹមតែ ៥០-៦០% តែប៉ុណ្ណោះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងកោតសរសើរដល់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេស ដែលទទួលបានលទ្ធផលល្អប្រសើរ ទោះបីមិនទាន់សម្រេចបាន១០០ភាគរយក៏ដោយ តែសកម្មភាពនេះអាចជាការគំរូចាប់ផ្តើមសម្រាប់ខេត្តផ្សេងទៀតនៅទូទាំងប្រទេស។
អគ្គនាយកអន្ដោប្រវេសន៍រូបនេះ ក៏បានជំរុញដល់ក្រុមការងារបន្ត និងប្រឹងប្រែងបន្ថែមទៀត ក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសនេះ ជាពិសេស ជំរុញដល់ម្ចាស់ទីតាំង នាយក អគ្គនាយក នៃទីតាំងទាំងអស់ត្រូវតែផ្ដល់ទិន្នន័យជាក់លាក់ នៃចំនួនជនបរទេសដែលស្នាក់នៅ និងបម្រើការងារ សំដៅងាយស្រួលក្នុងការគ្រប់គ្រង ហើយបើនៅតែមានការលាក់បាំង និងផ្ដល់ទិន្នន័យមិនជាក់លាក់ទៀត នឹងមានការអនុវត្តតាមផ្លូវច្បាប់។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា នៅពេលខាងមុខនេះ ក្រុមការងារនឹងរៀបចំកិច្ចប្រជុំជាមួយម្ចាស់ទីតាំង នាយក អគ្គនាយក ទាំង២,០៥២គោលដៅនេះ ដើម្បីសហការបានល្អជាមួយសមត្ថកិច្ច មិនលាក់លាមជនបរទេស និងការយល់ដឹងពីច្បាប់ដើម្បីសុវត្ថិភាព និងសម្រួលដល់ការធ្វើអាជីវកម្មវិនិយោគ នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ក្រុមការងារគាំទ្រ និងពង្រឹងរដ្ឋបាល ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយរដ្ឋបាល ស្នងការដ្ឋាននគរបាល មន្ទីរការងារ មន្ទីរពាណិជ្ជកម្ម និងមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ដោយបានចុះពិនិត្យសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានជុំវិញបញ្ហានានាដែលបាន និងកំពុងកើតឡើងនៅខេត្តព្រះសីហនុ សំដៅគាំទ្រ និងព្រងឹងរដ្ឋបាលខេត្ត នៅក្នុងការគ្រប់គ្រងរដ្ឋបាល និងដោះស្រាយបញ្ហានានា ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងជនបរទេសគ្រប់ប្រភេទ ដែលបានមកស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ៕