(ភ្នំពេញ)៖ កម្ពុជា-ឡាវ និងវៀតណាម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ដោយបង្ហាញនូវផលិតផលជាច្រើនរវាងប្រទេសទាំង៣រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-១០ ខែមីនា ឆ្នាំ២០១៩។ ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ។
ពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍នេះនឹងរៀបចំឡើង ដោយភ្ជាប់ជាមួយកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមក្រសួងពាណិជ្ជកម្មឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះរៀបចំឡើងក្នុងគោលបំណង គាំទ្រ និងបង្ហាញពីសកម្មភាពជំរុញពាណិជ្ជកម្ម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ហើយជាវេទិកាសំខាន់សម្រាប់ធុរជនជួបជុំគ្នាពិភាក្សា និងផ្លាស់ប្តូរគ្នាគំនិតថី្មៗសម្រាប់បង្កើនសកម្មភាព នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្រោមឆ័ត្រយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា។
ក្រសួងពាណិជ្ជកម្ម ក៏បានជូនដំណឹងដល់ពាណិជ្ជករ អាជីវករ អ្នករកស៊ីទាំងឡាយ ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម២០១៩ ឬមានគម្រោងស្វែងរកដៃគូវិនិយោគ ឬត្រូវចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយដៃគូរបស់ខ្លួនសូមមកបំពេញបែបបទ និងផ្ញើរគម្រោងរបស់ខ្លួនមកអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ជាកំហិត។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ នៃអាគារទីស្តីការក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ៖ ០៨៧ ៧៥៥ ៥៥១, ០៧៧ ៣៣៩ ៤៣៩, ០៧៧ ៣៣២ ២៣៣, ០១៧ ៤៩៥ ០៩១ និងតាមរយៈអ៊ីមែល៖ [email protected] ឬ [email protected]
[email protected] ឬ [email protected]៕
សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖