(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬតាម Facebook របស់លោកផ្ទាល់ រាល់ទុក្ខកង្វល់ និងបញ្ហានានា ដើម្បីទទួលបានព័ត៌មាន និងធ្វើការដោះស្រាយជូន ឲ្យទាន់ពេលវេលា។
ថ្លែងផ្តល់ភាពកក់ក្តៅដល់អាជ្ញាធរ និងពលរដ្ឋនៅតាមមូលដ្ឋានបែបនេះ ក្នុងឱកាសលោក ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំណុះឱ្យរដ្ឋបាលស្រុកពញាក្រែក ប្រមាណ២៥០នាក់ នាថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅសាលាស្រុកពញាក្រែក ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ជុំវិញបញ្ហាមួយចំនួនដែលអាជ្ញាធរឃុំ មេភូមិ បានលើកឡើងដើម្បីឲ្យអាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពជួយ ក្នុងនោះមានដូចជាការជួសជុលផ្លូវ ការតបណ្តាញអគ្គិសនីប្រើប្រាស់ អគារសាលារៀនចាស់ទ្រុឌទ្រោម បញ្ហាអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ក៍ដូចជាបញ្ហាល្បែងស៊ីសង ភ្លាមៗត្រូវបានមន្ទីរ អង្គភាពជំនាញឡើងបំភ្លឺ និងដោះស្រាយជូនផងដែរ។
ជាការឆ្លើយតប លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គ្រប់មន្ទីរជំនាញត្រូវចុះសិក្សា ពិនិត្យរាល់បញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរស្រុក ខណៈបញ្ហាណាដោះស្រាយបាន គឺត្រូវដោះស្រាយជូនភ្លាម ហើយបញ្ហាណា ដែលលើសសមត្ថកិច្ច ត្រូវធ្វើរបាយការណ៍មកខេត្ត ដើម្បីពិនិត្យលទ្ធភាពដោះស្រាយតាមអទិភាព ជាបន្តបន្ទាប់។
ជាមួយគ្នានោះ លោកបានសំណូមពរឱ្យប្រជាពលរដ្ឋ រាល់បញ្ហានានាក្នុងភូមិ ឃុំរបស់ខ្លួន ត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរក្នុងមូលដ្ឋាន បើមិនដូច្នោះទេរាយការណ៍មក Facebook លោកផ្ទាល់ ដើម្បីទទួលបានព័ត៌មាន និងធ្វើការដោះស្រាយជូន។
លោក ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាក់បន្ថែមដល់លោកមេភូមិមេឃុំ ត្រូវក្តាប់ឱ្យជាប់នូវរាល់បញ្ហា និងសំណូមពរ ដោយរាយការណ៍មកថ្នាក់ស្រុក និងបន្តមកថ្នាក់ខេត្ត ដើម្បីដោះស្រាយជូនភ្លាមៗ ពិសេសគឺត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ជាប្រមុខដឹកនាំ ខិតខំយកមកទាំងលំបាក ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន លើគ្រប់វិស័យថែមទៀត។
បើតាមលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឱ្យដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាព របស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះបានកសាងហេដ្ឋារចនា សម្ព័នមានដូចជា ផ្លូវថ្នល់ តបណ្តាញអគ្គិសនី សាលារៀន មណ្ឌលសុខភាព ស្រះទឹក ប្រព័ន្ធប្រឡាយជាដើម តែយ៉ាងណានៅមិនទាន់បំពេញគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ បានមួយរយភាគរយនោះទេ ដោយយើងត្រូវបន្តធ្វើជាជំហានៗ។
បន្ទាប់មកលោក ជាម ច័ន្ទសោភ័ណ ក៍បានចុះសំណេះសំណាលជាមួយ សិស្សានុសិស្សវិទ្យាល័យហ៊ុនសែន ពញាក្រែក ដោយលោកធ្វើការលើកទឹកចិត្ត សន្យាផ្តល់រង្វាន់ជាកុំព្យូទ័រយួរដៃ (computer latop) ម្នាក់មួយគ្រឿង ចំពោះសិស្សពូកែដែលប្រឡងជាប់បាននិន្ទេស A ដើម្បីជួយជំរុញឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសិស្សល្អ ជាទំពាំងមានគុណភាព និងរឹងមាំសម្រាប់សង្គមជាតិ៕