(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល១១នាក់ និងរបួសធ្ងន់៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្ដតូច៣គ្រឿង និងយាន្តផ្សេងៗ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ស្រវឹង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, កត្តាយានយន្ត, មិនគោរពសិទ្ធិ និងប្រជែង។
របាយការណ៍បានឲ្យដឹងទៀតថា រយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១-០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤៨នាក់, របួសស្រាល៤៤នាក់ និងរបួសធ្ងន់១១៤នាក់៕