(ភ្នំពេញ)៖ ម្តាយ និងបងស្រីរបស់ យិន ហេង ហៅ «ចំប៉ីខ្មៅ» បានយំសោក និងលើកដៃអង្វរសូមក្តីមេត្តាករុណាពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ៊ុន ជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អធ្យាស្រ័យលើកលែងទោសចំពោះទោសកំហុសរបស់ «ចំប៉ីខ្មៅ»។
ស្ត្រីជាម្តាយ និងបងស្រីរបស់ «ចំប៉ីខ្មៅ» បានលើកឡើងថា «ចំប៉ីខ្មៅ» គឺជាកូនក្នុងគ្រួសារតែមួយគត់ដែលបានសិក្សារៀនសូត្របានខ្ពស់រហូតដល់ឧត្តមសិក្សា ដោយឡែកកូន៣នាក់ទៀតគ្មាននរណារៀនបានខ្ពស់នោះឡើយ។ និយាយបណ្តើរយំសស្រាក់បណ្តើរស្រ្តីជាម្តាយ បានអះអាងថា គាត់មានជីវភាពក្រីក្រ ហើយបានប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីបានថវិកាឲ្យកូនម្នាក់នេះសិក្សារៀនសូត្របានខ្ពស់។
សូមបញ្ជាក់ថា «ចំប៉ីខ្មៅ» ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ បន្ទាប់ពីរូបគេបានជេរប្រមាថនៅតាមទីសាធារណៈប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ និងប្រជាពលរដ្ឋខ្មែរ។
ក្រោយពីការសួរនាំរបស់កម្លាំងសមត្ថកិច្ច «ចំប៉ីខ្មៅ» ត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ «ចំប៉ីខ្មៅ» បានជាប់ចោទពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។
បទចោទនេះ «ចំប៉ីខ្មៅ» ប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន «ចំប៉ីខ្មៅ» កំពុងសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ៕