(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យថ្នាក់ដឹកនាំក្រសួងត្រូវប្រឹងប្រែងបង្ខិតសេវាសាធារណៈឲ្យទៅកាន់តែជិតប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យការផ្តល់សេវាសាធារណៈកាន់តែលឿន និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។
ការជំរុញរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ និងមន្ត្រីរាជការរបស់ក្រសួងនៅថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើលទ្ធភាពពង្រឹងការជួយជ្រោមជ្រែងផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ព្រមទាំងការប្រកាសសុពលភាពសមាសភាពរបស់គណៈកម្មការ និងលេខាធិការដ្ឋានរបស់ក្រសួងផងដែរ។
ថ្លែងនៅក្នុងអង្គពិធីទាំងមូល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការជំរុញការផ្តល់សេវាសាធារណៈទៅជិតប្រជាពលរដ្ឋ តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូន មណ្ឌលសេវារបស់ក្រសួង ហាងលក់យានជំនិះ អង្គភាពច្រកចេញចូលតែមួយ ការិយាល័យច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយ ជំរុញឱ្យមានអភិបាលកិច្ចល្អ ពង្រឹងគុណភាពសេវាសាធារណៈ បណ្ដុះស្មារតីភាពជាម្ចាស់ លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រឹងប្រែងធ្វើកំណែទម្រង់យ៉ាងច្រើន ដើម្បីផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ។ កំណែទម្រង់ដែលក្រសួងបានធ្វើនោះ មានដូចជា បើកឱ្យមានមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅតាមផ្សារទំនើបអ៉ីអន១ និងអ៉ីអន២ ឈៀកចល័ត និងប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យាតាមប្រព័ន្ធអ៉ីនធើណែត (ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យប្រឡងយកបណ្ណបើកបរ និងប្រព័ន្ធស្វ័យប្រវត្តិកម្មអាជីវកម្មដឹកជញ្ជូនផ្លូវគោក) ដែលអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវានេះបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ទោះបីនៅក្រៅប្រទេសក្ដី ក៏អាចប្រើសេវាទាំងនេះបានដែរ៕