(ព្រៃវែង)៖ ផ្ទាំងពាក្យស្លោកស្តីអំពីការចងចាំ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងសួនច្បារថ្មី នៅក្នុងវិទ្យាល័យមេសាង ស្ថិតនៅក្នុងភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានសម្ពោធ ក្រោមអធិបតីភាពលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ឈុន សុផល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង, លោក ខឹម សាមៀន អនុប្រធានការិយាល័យអប់រំស្រុកមេសាង, លោក ហ៊ន សុផាត អភិបាលរងស្រុក, លោកស្នងការស្រុក, មន្ត្រីមន្ទីរសុខាភិបាលស្រុក និងនាយកសាលា ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ, សិស្សានុសិស្ស មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ទៀត។
នៅក្នុងកម្មវិធីសម្ពោធនេះដែលរៀបចំឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏មានការចែកសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ, អំពើប្រល័យពូជសាសន៍ និងអត្តសញ្ញាណជនជាតិចាមចាប់ពីរបបខ្មែរក្រហម ដល់ឧប្បត្តិហេតុហាំបាលីចំនួន ១៥០០ក្បាល ដល់សិស្សានុសិស្ស និងអ្នកចូលរួមដែរ។
ពាក្យស្លោកទាំងពីរឃ្លានេះ មានខ្លឹមសារថា «រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ គឺរៀនពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍» និង «និយាយពីការរស់នៅក្នុងសម័យខ្មែរក្រហម គឺនិយាយពីការផ្សះផ្សា អប់រំកូនចៅឲ្យអត់ឱន អធ្យាស្រ័យគ្នា» ថែមទាំងមានការដាក់តាំងបង្ហាញផ្ទាំងរូបថត ទិន្នន័យនៃការស្រាវជ្រាវ និងប្រវត្តិសង្ខេបនៃមេដឹកនាំកំពូល នៃរបបខ្មែរក្រហមនៅក្នុងសួនច្បារ ដែលទើបសាងសង់ថ្មីដែរ។
ការសាងសង់សួនច្បារនេះឡើង និងដាក់តាំងបង្ហាញផ្ទាំងរូបថតទាំងនេះ បង្ហាញទៅដល់សាធារណជន គឺដើម្បីគោរព រំឭក និងឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ និងកប់នៅក្នុងបរិវេណវិទ្យាល័យមេសាងផ្ទាល់ ដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារ បានចុះមកធ្វើការងារស្រាវជ្រាវតាំងពីឆ្នាំ១៩៩៧។
កាលពីឆ្នាំ២០១៨កន្លងទៅ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រុមហ៊ុន ស៉្បារ៉ូហក ហ្វាអ៊ីស របស់អាមេរិកបានធ្វើបច្ចុប្បន្នភាពទៅលើទិន្នន័យដែលមានស្រាប់ និងស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រទៅលើរណ្តៅសាកសពនៅក្នុងបរិវេណវិទ្យាល័យមេសាង ដោយប្រើម៉ាស៊ីនទំនើប RD 1500 ដែលមិនត្រឹមតែអាចវាស់វែងពីជម្រៅ កម្ពស់ បណ្តោយ និងទទឹងនៃរណ្តៅនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្ហាញពីឆ្អឹងរបស់ជនរងគ្រោះ ដែលត្រូវបានកប់ក្នុងរណ្តៅកាល ពីជំនាន់ខ្មែរក្រហមទៀតផង។
ព័ត៌មានបឋមដែលទទួលបាន ពីការត្រួតពិនិត្យរបស់ម៉ាស៊ីន RD1500 បានបង្ហាញថា ពិតជាមានឆ្អឹងសាកសពនៅក្នុងរណ្តៅជម្រៅចាប់ពី១ម៉ែត្រកន្លះទៅ៨ម៉ែត្រ។ សួនច្បារថ្មីនេះ ត្រូវបានដាក់ឈ្មោះថា «សួនច្បារអនុស្សាវរីយ៍ឬសួនច្បារនៃការចងចាំ»។
លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការធ្វើសួនច្បារនិងសាងសង់ពាក្យស្លោកលើរណ្តៅសកសពនេះ គឺដើម្បីអភិរក្សទីតាំងប្រវត្តិសាស្ត្រ និងដើម្បីបម្រើឲ្យការចងចាំដល់យុវជនជំនាន់ក្រោយ។ ក្រៅពីនេះ លោកស្រី ក៏បានកោតសរសើរចំពោះវិទ្យាល័យមេសាង ដែលមានសិស្សគោរពវិន័យបានល្អ និងមានការរាក់ទាក់យ៉ាងកក់ក្តៅបំផុត។
លោកស្រីបន្ថែមថា «យុវជនជំនាន់ក្រោយត្រូវខិតខំរៀនសូត្រ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ ឲ្យបានច្បាស់លាស់។ និយាយអំពីអំពើប្រល័យពូជសាសន៍ គឺដើម្បីការអត់ឱន ការផ្សះផ្សា និងការអធ្យាស្រ័យ។ យើងត្រូវអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យរីកចម្រើនទៅមុខទាំងអស់គ្នាឲ្យសម្បូរ ដោយធនធានមនុស្សពូកែ ជាមួយរាជរដ្ឋាភិបាល ព្រោះថ្ងៃក្រោយ ប្អូនៗនឹងក្លាយជាអ្នកដឹកនាំ ធ្វើយ៉ាងណាកុំនាំប្រទេសជាតិ ទៅរកវិនាសកម្មដូចសម័យខ្មែរក្រហមទៀត»។
លោក ឈុន សុផល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការទប់ស្កាត់របបកាប់សម្លាប់កុំឲ្យកើតមានឡើងសារជាថ្មី។ លោកក៏បានសរសើរលទ្ធផលសិក្សា និងចំនួនសិស្សពូកែថ្នាក់ជាតិដែលវិទ្យាល័យមេសាង សម្រេចបានកន្លងមក។
លោកបន្តថា «ពាក្យស្លោក និងលទ្ធផលស្រាវជ្រាវទាំងនេះ គឺជាឯកសាររស់មួយបន្ថែមទៀត ជាពិសេសសម្រាប់ក្មួយៗសិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូ ដើម្បីរំឭកដល់ការចងចាំអំពីអតីតកាល ដើម្បីផលប្រយោជន៍រួមនាពេលអនាគត គឺធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យរបបប្រល័យពូជសាសន៍ កើតមកលើប្រទេសកម្ពុជាម្តងទៀត»។
បន្ថែមពីនេះ លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ា និងគម្រោងស្រាវជ្រាវ និងអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបង្ហាញថា មានរណ្តៅសាកសពចំនួន៥ស្ថិតនៅក្បែរៗគ្នា និងមានសាកសពស្លាប់ប្រមាណជាង១០០នាក់ នៅក្នុងរណ្តៅទាំងនេះ។ ក្នុងនោះរណ្តៅខ្លះមានកប់សាកសពត្រួត លើគ្នារហូតដល់ទៅ២លើក ដែលនេះសរបញ្ជាក់ឲ្យឃើញថា ខ្មែរក្រហមបានសម្លាប់មនុស្សដាក់ចូល ទៅក្នុងរណ្តៅចំនួន២លើកផ្សេងគ្នា។ លទ្ធផលទាំងនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើជារបាយការណ៍សង្ខេបមួយដាក់ នៅលើផ្ទាំងដែក ហើយត្រូវបានយកមកដាក់តាំងបង្ហាញនៅទីនេះ គឺនៅក្នុងបរិវេណនៃទីតាំងសម្លាប់មនុស្សតែម្តង។
រិត សិរីមគ្គ គឺជាសិស្សថ្នាក់ទី១២ បាននិយាយថា «ការដាក់ពាក្យស្លោកនៅសាលាដូចច្នេះគឺធ្វើឲ្យសិស្សជំនាន់ក្រោយដូចខ្ញុំ បានដឹងពីរឿងរ៉ាវដែលធ្លាប់បានកើតឡើង នៅទីតាំងនេះផ្ទាល់។ ភ័ស្តុតាងនេះនឹងធ្វើឲ្យក្មេងៗជំនាន់ក្រោយដឹងថាកន្លែងនេះ គឺជាទីតាំងដែលមានឆ្អឹង និងសាកសពជាច្រើន ថែមទាំងអាចបង្ហាញដល់ខ្ញុំ និងសិស្សដទៃទៀត ឲ្យកាន់តែមានការជឿជាក់ថារឿងរ៉ាវ នៃការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម នាពេលអតីតកាល បានកើតឡើងពិតប្រាកដមែន»។
ហាន សុគន្ធ បានរៀបរាប់ថា «ពាក្យស្លោករួមនឹងទិន្នន័យអំពីសាកសពជនរងគ្រោះ នៅក្នុងសម័យខ្មែរក្រហម អាចឲ្យយើងដឹងអំពីភាពព្រៃផ្សៃនៅពេលនោះ ហើយយើងត្រូវរៀនសូត្រពីមូលហេតុផ្សេង នៃការកើតឡើងនៃរបបនេះ ដើម្បីការពារកុំឲ្យមានកើតមកសារជាថ្មីម្តងទៀត។ ដូចច្នេះ យើងត្រូវតែរៀនសូត្រឲ្យបានច្បាស់លាស់ និងចងចាំទាំងអស់គ្នា»។
លោក អ៊ុច គឺ មានអាយុ៧០ឆ្នាំ សព្វថ្ងៃគឺជាមេភូមិពោធិ៍ព័ទ្ធ ឃុំជីផុច ស្រុកមេសាង ពិតជាសប្បាយរីករាយដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់ មកចូលរូមនៅក្នុងកម្មវិធីនេះ ដើម្បីបង្ហាញអំពីសារសំខាន់នៃប្រវត្តិសាស្ត្រ។
លោកបាននិយាយថា «ដើម្បីឲ្យកូនចៅជំនាន់ក្រោយដែលរស់នៅក្នុងតំបន់នេះយល់បន្ថែមពីលើអ្វីដែលខ្ញុំធ្លាប់បាននិយាយកន្លងមក គឺមានតែការចូលរួមពីថ្នាក់ដឹកនាំទេដែលបានផ្តល់សារសំខាន់ខ្លាំង ព្រោះក្មេងៗយកចិត្តទុកដាក់ស្តាប់ថ្នាក់ដឹកនាំជាង បើប្រៀបធៀបពីអ្វីដែលខ្ញុំធ្លាប់បាននិយាយប្រាប់អំពីរបបខ្មែរក្រហមដល់ពួកគេ។ ខ្ញុំចង់ឲ្យមានការផ្សព្វផ្សាយអំពីរបបខ្មែរក្រហមឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនាពេលអនាគត ជៀសវាងក្មេងជំនាន់ក្រោយបំភ្លេចប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន»។
គួររំឭកដែរថា របបខ្មែរក្រហមដែលមានឈ្មោះជាផ្លូវការថា របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានបណ្តាលឲ្យប្រជាជនប្រមាណ២លាននាក់ស្លាប់បាត់បង់ជីវិត ដោយសារការធ្វើការងារហួសកម្លាំង ការសម្លាប់ និងអត់អាហារ។ ខ្មែរក្រហមបានប្រែក្លាយ សាលារៀន និងវត្តអារាម ទៅជាមន្ទីរសន្តិសុខ ក្រោលគោក្របី រោងសិប្បកម្ម ជង្រុកស្រូវ និងទីតាំងសម្លាប់និងកប់មនុស្ស៕