(ភ្នំពេញ)៖ អ្នកនាំចេញអង្ករទៅទីផ្សារអឺរ៉ុបមួយរូបបានលើកឡើងថា ប្រសិនបើថ្លៃដើមនៃការនាំចេញអង្ករ អាចកាត់បន្ថយបាន៦០ដុល្លារក្នុងមួយតោន នោះអង្ករកម្ពុជានៅតែអាចប្រកួតប្រជែងនៅអឺរ៉ុបបាន។
ការលើកឡើងនេះ ធ្វើឡើងក្រោយពេលកើតមានក្តីបារម្ភជាច្រើនក្នុងវិស័យស្រូវអង្ករ ក្រោយពេលដែលអឺរ៉ុប សម្រេចយកពន្ធលើអង្ករកម្ពុជា រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ២០២១ ដោយក្នុងឆ្នាំទី១ តម្លៃ២០០ដុល្លារក្នុង១តោន, ឆ្នាំទី២ តម្លៃ១៧០ដុល្លារក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១៤២ដុល្លារក្នុង១តោន ដែលនាំឲ្យអង្កររបស់កម្ពុជាពិបាក ប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប។
ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោកឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន Signatures of Asia ដែលជាក្រុមហ៊ុនជាប់ចំណាត់ទី១០ ដែលនាំចេញអង្ករច្រើនជាងគេនោះបានឲ្យដឹងថា ការដាក់គំនាបពីសហគមអឺរ៉ុបលើទីផ្សារអង្ករកម្ពុជានេះ មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ដោយប៉ះពាល់ទំហំទឹកប្រាក់ប្រមាណ៥០លានដុល្លារ លើទំហំទឹកប្រាក់ប្រមាណ៥០០ ទៅ៦០០លានដុល្លារនៃវិស័យអង្ករ ដែលនាំទៅសហគមន៍អឺរ៉ុបទាំងមូល។
លោកបន្ថែមថា កន្លងមកមានការពិភាក្សាដោះស្រាយលើបញ្ហានេះ ជាមួយនឹងក្រុមការងារ និងបានផ្ដល់យុទ្ធសាស្រ្ដមួយចំនួនដល់រាជរដ្ឋាភិបាលផងដែរ។ វិស័យស្រូវអង្ករនៅកម្ពុជាអត់ត្រូវការកាត់បន្ថយតម្លៃរហូតដល់ ពី១៧៥-២០០ដុល្លារក្នុង១តោន ដើម្បីអាចប្រកួតប្រជែង និងរក្សាទីផ្សារនោះឡើយ។ អ្វីដែលកម្ពុជាត្រូវការក្នុងការគាំទ្រលើវិស័យនេះគឺ ត្រូវការត្រឹមតែចន្លោះ៦០ដុល្លារប៉ុណ្ណោះ ហើយ៦០ដុល្លារនេះបានមកពីចំណែកខ្លះនៃកសិករ, អ្នកផលិត, អ្នកនាំចេញ ហើយចំណែកផ្សេងទៀត ជាចំណែករបស់រាជរដ្ឋាភិបាលក្នុងការចូលរួម។
លោកបន្ថែមថា «ប្រសើនបើអាចកាត់បន្ថយថ្លៃដើមនៃនាំចេញអង្ករ បានប្រហែលជា៦០ដុល្លារក្នុង១តោននោះ ការប្រកួតប្រជែងរបស់អង្ករកម្ពុជា នៅតែអាចបន្ដទៅមុខបាន»។
សូមជម្រាបថា សហគមន៍អឺរ៉ុបគឺជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា។ នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករទៅអឺរ៉ុបជិត៣០ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួន ដែលបាននាំចេញទាំងអស់ចំនួន៦២ម៉ឺនតោន៕