(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញញ្ញត្តិគាំទ្រការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រកាសធានាមិនឲ្យមានសង្គ្រាមជាថ្មី នៅលើដែនដីសុវណ្ណភូមិរបស់កម្ពុជា។

ក្រសួងទេសចរណ៍ បានចាត់ទុកថា ការប្តេជ្ញាចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាឧត្តមគតិជាតិពិត និងជាសេចក្តីចង់បានបំផុត របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

យោងតាមញ្ញត្តិគាំទ្រដែល Fresh News ទទួលបាន, បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវមោទនភាព និងសេចក្តីគោរពបំផុត ក្នុងកិច្ចប្ដេជ្ញាចិត្តរបស់សម្តេចតេជោ ដែលសម្តេចបានលើកឡើងថា «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្គ្រាម វិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ»

យោងតាមញ្ញត្តិដដែលនេះ ក្រសួងទេសចរណ៍ ក៏បានរំលឹកប្រជាពលរដ្ឋខ្មែរថា សន្តិភាព ស្ថិរភាពនយោបាយ នីត្យានុកូលភាព ប្រក្រតីភាព សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងធានា ដែលមិនអនុញាតឲ្យបុគ្គល ឬក្រុមណាមួយ បៀតបៀនបានឡើយ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសតាម Facebook ដោយបានប្តេជ្ញាចិត្តជាថ្មី ក្នុងការធានារក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងគ្រប់ដណ្តប់ទូទាំងផ្ទៃប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យសង្គ្រាម វិនាសកម្មបំផ្លាញប្រទេស បំផ្លាញក្តីសុខប្រជាពលរដ្ឋ កើតមានជាថ្មីនោះឡើយ៕

ព័ត៌មានលម្អិត សូមញ្ញត្តិគាំទ្ររបស់ក្រសួងទេសចរណ៍ ខាងក្រោមនេះ៖