(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្តដាក់បទបញ្ជាឲ្យមន្ត្រីតាមបណ្ដាការិយាល័យជំនាញចំណុះរចនាសម្ព័ន្ធខណ្ឌ សហការផ្លាស់ប្ដូរវេនគ្នាជាក្រុម ក្នុងការអនុវត្តដាក់គោលដៅត្រួតពិនិត្យជាប្រចាំ លើរថយន្ដធុនធំគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) និងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌ ដែលបើកបរដឹកលើសទម្ងន់លឿនៗ និងកែច្នៃតទ្រុងខុសលក្ខណៈបច្ចេកទេស ជាហេតុនាំឲ្យខូចផ្លូវ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកអភិបាលខណ្ឌ បានសង្កត់ធ្ងន់ថា នៅពេលត្រួតពិនិត្យឃើញ មន្ដ្រីជំនាញត្រូវតែកាត់ទ្រុងចោលនៅនឹងកន្លែង មុនធ្វើកំណត់ហេតុក៏ដូចជាកិច្ចសន្យា ប្រគល់រថយន្ដទៅឲ្យម្ចាស់វិញ ក្រោយបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា មិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះ បានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។
ប្រសិនបើប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច នោះសម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ ហើយរថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម៕