(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានថ្លែងឲ្យដឹងថា ជានិច្ចកាល និងជាយូរណាស់មកហើយ លោក សម រង្ស៉ី មិនដែលទៅកៀគរបរទេសឲ្យមកជួយកម្ពុជាម្តងណាទេ ផ្ទុយទៅវិញគាត់តែងតែបង្កើតព្រឹត្តិការណ៍ ចលាចលខុសច្បាប់ផ្សេងៗ រួចរត់ទៅរស់នៅក្រៅប្រទេស។
លោកបានបន្តថា ជារឿយៗលោក សម រង្ស៊ី តែងតែបង្ហាញឲ្យឃើញនូវការធ្វើនយោបាយ បែបបរទេសនិយម និងសម្លាប់សេដ្ឋកិច្ចជាតិឯង ក្រោមលេសថា សង្គ្រោះជាតិ ។ តើកន្លែងណាទៅហៅថា សង្គ្រោះជាតិ?។ ទោះបីកម្ពុជាមិនទាន់មានការរីកចម្រើន ដូចប្រទេសលោកខាងលិចក៏ដោយ ប៉ុន្តែកម្ពុជាបានបង្ហាញពីការខិតខំប្រឹងប្រែង និងបានអភិវឌ្ឍប្រទេសជាតិ ឈានឡើងជាលំដាប់ ប្រជាពលរស់នៅក្នុងភាពសប្បាយរីករាយ ជាមួយនិងអ្វីៗដែលមានសព្វថ្ងៃនេះ។
លោកបានគូសបញ្ជាក់ថា អ្វីដែលខ្មែរឈឺចាប់ គឺនៅពេលថ្មីនេះលោក សម រង្ស៊ី បានព្យាយាមធ្វើយុទ្ធនាការនៅក្រៅប្រទេស ក្នុងគោលដៅសម្លាប់សេដ្ឋកិច្ចជាតិខ្មែរ តាមរយ:ការបង្កើតព្រឹត្តិការណ៍ញុះញង់ លាបព៌ណ និងស្នើសុំឲ្យបរទេសឈប់ជួយកម្ពុជា។ ជាពិសេសគាត់បានជំរុញម្តងហើយម្តងទៀត ឲ្យសហភាពអឺរ៉ុប (EU) ដកភាពអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ចេញពីកម្ពុជា។ បើសិនជាសហភាពអឺរ៉ុបយល់ព្រមតាមសំណើរបស់លោក សម រង្ស៊ី មែននោះ តើវាមានផលប៉ះពាល់អ្វីខ្លះ ដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ? តើលោក សម រង្ស៊ី គាត់សប្បាយចិត្តជាមួយនឹងផលលំបាករបស់ប្រជាជនខ្មែរឬទេ? តើលោក សម រង្ស៊ី ជាជនជាតិអ្វី ? គាត់ធ្វើអ្វីៗដើម្បីជាតិខ្លួនឯង ឬ ធ្វើអ្វីៗដើម្បីបំផ្លាញជាតិខ្លួនឯង និងបំរើឲ្យនយោបាយបរទេស?។
លោក សោម អូន ក៏បានផ្ញើសារទៅលោក សម រង្ស៊ី ថា បើត្រឹមតែលោកក្លែងធ្វើជាអ្នកស្នេហាជាតិក្លែងក្លាយ និងបើសិនជាសហភាពអឺរ៉ុប ដកភាពអនុគ្រោះពន្ធ (EBA) តាមសំណើរបស់លោកមែននោះ សូមលោកក្លាហានលាឈប់ពីសញ្ជាតិកម្ពុជា និងរស់នៅរហូតស្លាប់ នៅឯបរទេសទៅចុះ ពីព្រោះកម្មករ និងប្រជាជនកម្ពុជា មិនត្រូវការដាច់ខាតចំពោះអ្នកនយោបាយអកតញ្ញូ សម្លាប់សេដ្ឋកិច្ចជាតិឯង ដើម្បីតែមហច្ឆិតានយោបាយរបស់ខ្លួន និងបក្សពួកនោះទេ៕