(ភ្នំពេញ)៖ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៣ថ្ងៃ ចាប់ពីទី០៥-០៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៩៣៤,៧៩២នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានរសៀលនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចដែលបានដើរកម្សាន្ត នាឱកាសចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០១៩នេះ មានចំនួនសរុប ៩៣៤,៧៩២នាក់ កើនឡើង ៨.១០% ក្នុងនោះមានភ្ញៀវជាតិមានចំនួន ៨២៦,៧៦១នាក់ កើនឡើង ១១.១០% និងភ្ញៀវអន្តរជាតិមានចំនួន ១០៥,៣៧០នាក់ កើនឡើង ២.៥៣%។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានសង្កត់ធ្ងន់ថា មានចំណុច៣ ដែលគួរឱ្យកត់សម្គាល់សម្រាប់ស្ថិតិខាងលើក្នុងនោះរួមមាន៖
១៖ ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរកម្សាន្ត នៅតែមានការកើនឡើង បើទោះបីជាមានកំណើនតិចជាង បើធៀបនឹងឆ្នាំ២០១៨ ដោយសារចូលឆ្នាំចិនកាលពីឆ្នាំ២០១៨ ប៉ះចំចុងសប្តាហ៍ គឺនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ រីឯចូលឆ្នាំចិនឆ្នាំនេះប៉ះចំថ្ងៃធ្វើការ គឺអង្គារ ពុធ និងព្រហស្បតិ៍។
២៖ ដោយសារប៉ះចំថ្ងៃធ្វើការប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន ស្ទាក់ស្ទើរក្នុងការធ្វើដំណើរទៅគោលដៅទេសចរណ៍ឆ្ងាយៗ ហើយជ្រើសរើសគោលដៅដែលនៅជិតៗ និងដែលអាចសុំច្បាប់ឈប់សម្រាកខ្លី។
៣៖ មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យចំនួនភ្ញៀវនៅតាមខេត្តគោលដៅមួយចំនួនមានការធ្លាក់ចុះ ប៉ុន្តែគោលដៅដែលនៅជិតរាជធានីភ្នំពេញ និងគោលដៅនៅភាគឦសាន នៅតែទទួលបានកំណើនភ្ញៀវគួរឱ្យកត់សម្គាល់។
សូមជំរាបថា ការដែលមានប្រជាពលរដ្ឋដែលបានចេញដើរកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំចិន កាន់តែច្រើនឡើងៗនោះ គឺដោយសារប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិនមានច្រើនឡើងៗ តាមរយៈក្រុមគ្រួសារនិមួយៗដែលពីមុនមិនជាប់សែស្រឡាយចិន ក្រោយមកមានកូនប្រសារ ឬប្រពន្ធជាប់សែស្រឡាយចិន និងបង្កើតកូន និងចៅ ចេះតែបន្តជាប់សែស្រឡាញបន្តបន្ទាប់គ្នាមក ដែលជាហេតុនាំឱ្យមានកំណើនភ្ញៀវទេសចរនៅក្នុងឱកាសចូលឆ្នាំចិនផងដែរ៕