(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ​ចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រាប់សាធារណជនទាំងនៅក្នុង និងក្រៅប្រទេសថា ការលើកឡើងក្នុងរូបភាពញុះញង់ដោយក្រុមនៅឯនាយសមុទ្រ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងបំណងបង្កើតកម្លាំងចលនាមហាជនប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានកើតចេញពីការបោះឆ្នោតស្របច្បាប់រួចមកហើយ និងកំពុងដំណើរការប្រកបដោយប្រក្រតីភាព ស្ថិតនៅក្នុងនីត្យានុកូលភាពពេញលេញ ​ចាត់ទុកជាការប្រព្រឹត្តបទឧក្រិដ្ឋ ឬជា​សកម្មភាពឧក្រិដ្ឋកម្ម ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃ​កម្ពុជា។

ការិយាល័យអ្នកនាំពាក្យ យល់ឃើញថា ការញុះញង់ខាងលើ គឺជាអំពើភេរវកម្មនយោបាយប្រឆាំងទៅនឹងផលប្រយោជន៍កម្ពុជា ក៏ដូចប្រជាពលរដ្ឋរបស់ខ្លួន ទោះសកម្មភាពញុះញង់នោះស្ថិតនៅឯនាយសមុទ្រ និងអាចជះឥទ្ធិពល ក៏ដូចជាកើតមាននៅក្នុងប្រទេសកម្ពុជា ជាយថាហេតុបែបណាក៏ដោយ។ រាជរដ្ឋាភិបាលនឹងចាត់វិធានការម៉ឺងម៉ាត់ តាមផ្លូវច្បាប់គ្រប់យ៉ាង រួមទាំងកិច្ចសហការអន្តរជាតិ ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មនយោបាយទាំងនេះ។

ការិយាល័យអ្នកនាំពាក្យ ក៏សូមបញ្ជាក់សារជាថ្មីថា សកម្មភាពភេរវកម្មនយោបាយនេះ បង្កើតជាសង្គ្រាម​ចិត្តសាស្ត្រនយោបាយ​ប្រឆាំងពិតប្រាកដ នឹងភាពសុខសាន្ត និងប្រក្រតីភាព ដែលជាជម្រើសអាទិភាពរបស់​មហាជនខ្មែរ។ សកម្មភាពភេរវកម្មនយោបាយនេះ ប្រឆាំងនឹងដំណើរការច្បាប់កម្ពុជា ប្រឆាំងនឹងរបបប្រជា​ធិបតេយ្យ កំពុងអភិវឌ្ឍក្នុងភាពទៀងទាត់តាមច្បាប់កំណត់ជាធរមាន ដើម្បីថែរក្សាលើកស្ទួយសន្តិភាព និង​ស្ថិរភាពនយោបាយ ដែលជាទិសដៅដ៏មានសារៈសំខាន់បំផុតរបស់កម្ពុជា មិនអាចងាករេបាន។

រាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងស្និទ្ធបំផុត​ចំពោះរាល់សកម្មភាព និងចលនា​វិទ្ធង្សនារបស់បុគ្គល ឬក្រុមពាក់ព័ន្ធទៅនឹងសកម្មភាព ភេរវកម្មនយោបាយទាំងនេះ។​ អាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងត្រៀមជាស្រេច ក្នុងការឆ្លើយតបជាមួយនឹងការប្រមូលភស្តុតាង ជាក់ស្តែង និងកំណត់អត្តសញ្ញាណលើបុគ្គលពាក់ព័ន្ធ ដើម្បីអនុវត្តច្បាប់ ដែលសមាមាត្រឆ្លើយតបនឹងសកម្មភាព​ភេរវកម្មនយោបាយ នៅពេលចាំបាច់ណាមួយ៕