(ព្រះវិហារ)៖ កត្តាអាកាសធាតុបានធ្វើឲ្យចំនួនភ្ញៀវទេសចរ មានការថយចុះក្នុងការចូលមកទស្សនា តាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៩នេះ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០១៩នេះ ដោយគិតពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋាននានា មានចំនួនសរុប៩,៧៣៣នាក់ ធៀបនឹងឆ្នាំ២០១៨ ថយចុះ១៤,៥៥%។
ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងទៀតថា ក្នុងនោះភ្ញៀវជាតិមានចំនួន៨,៥៧៧នាក់ ថយចុះ១៤,៨៥% ភ្ញៀវអន្តរជាតិចំនួន១,១៥៦នាក់ ថយចុះ១២%។ លោកកត់សម្គាល់ថា ការថយចុះនៃចំនួនភ្ញៀវទេសចរនៅឆ្នាំ២០១៩នេះ បណ្តាលមកពីកត្តាអាកាសធាតុ មានសភាពក្តៅនៅតាមតំបន់រមណីយដ្ឋាននានា។
សូមបញ្ជាក់ថា តំបន់រមណីយដ្ឋាននៅក្នុងខេត្តព្រះវិហារ ដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិ តែងតែមកម្សាន្តនោះ រួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត, ប្រាសាទកោះកែ ស្ថិតក្នុងស្រុកគូលែន និងទឹកធ្លាក់ជ្រោះព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ៕