(ប៉ៃលិន)៖ ខេត្តប៉ៃលិនជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍ បែបអេកូធម្មជាតិដ៏ល្បីល្បាញ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិតដែលទទួលស្គាល់ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ បច្ចុប្បន្ននេះនៅខេត្តប៉ៃលិន មានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ទៅកម្សាន្តជារៀងរាល់ថ្ងៃ។
រមណីយដ្ឋានដែលល្បីល្បាញរួមមាន៖ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ, រមណីយដ្ឋានភ្នំយ៉ាត, រមណីយដ្ឋានស្ទឹងភ្នំដំបង, រមណីយដ្ឋានអូរឈើក្រំ, រមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី, រមណីយដ្ឋានចំការខ្នុរ, រមណីយដ្ឋានម្លប់សាវម៉ាវ, រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត, រមណីយដ្ឋានស្ទឹងតារៀប, រមណីយដ្ឋានកូលាបប៉ៃលិន, រមណីយដ្ឋានស្ទឹងតារាប, រមណីយដ្ឋានភ្នំកុយ និងរីសតមែម៉ូរីយ៉ាជាដើម។
ជាក់ស្តែង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ បងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុងខេត្តប៉ៃលិន និងមកពីបណ្តាខេត្តផ្សេងៗ បាននាំគ្នាមកលេងកម្សាន្ត ជាលក្ខណៈគ្រួសារ ជាលក្ខណៈមិត្តភក្តិ នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។ ពួកគាត់បានសម្តែងនូវការសប្បាយរីករាយ ជាមួយនឹងទេសភាពតំបន់ខ្ពង់រាប មានព្រៃភ្នំជ្រលងដងអូរ ធ្វើឱ្យពួកគាត់ មានអារម្មណ៍ស្រស់ស្រាយ រំសាយពីទុក្ខកង្វល់ និងការនឿយហត់នានា ក្នុងការប្រកបការងារចិញ្ចឹមជីវិតកន្លងមក។
ម្ចាស់រមណីយដ្ឋានធម្មជាតិបែបកែឆ្នៃ នៅតាមមាត់ស្ទឹងបរយ៉ាខា បានឱ្យដឹងថា ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ភ្ញៀវទេសចរមកពីគ្រប់ទិសទី បានមកកម្សាន្តនៅ មណីយដ្ឋានបស់ពួកគាត់ ច្រើនជាងឆ្នាំកន្លងទៅ។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានលើកឡើង នៅថ្ងៃទី០៨ ខែកុម្ភៈនេះថា ដោយសារខេត្តប៉ៃលិន មានសក្តានុពលផ្នែកអេកូទេសចរណ៍ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ មានភ្ញៀវទេសចរយ៉ាងច្រើន បានជ្រើសរើសមកកម្សាន្ត រមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ហើយបើប្រៀបធៀបពីឆ្នាំមុន។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំនួនភ្ញៀវជាតិសរុប មានចំនួន១៧,១៨១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនភ្ញៀវជាតិសរុប១៥,២១៩ មានការកើនឡើង១២,៨៩% ខណៈចំនួនភ្ញៀវអន្តរជាតិសរុប មានចំនួន៩៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនភ្ញៀវអន្តរជាតិសរុប៦៨នាក់ មានការកើនឡើង ៣៨,២៣%។
លោកប្រធានបានបន្តថា ការកើនឡើងភ្ញៀវទេសចរនៅឆ្នាំនេះ គឺដោយសារផ្លូវគមនាគមន៍ ទៅកាន់រមណីយដ្ឋានស្រួលធ្វើដំណើរ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងម៉្យាងទៀតនៅឆ្នាំនេះអាកាសធាតុក្តៅ ដូច្នេះភ្ញៀវទេសចរ បានជ្រើសរើសយកតំបន់ព្រៃភ្នំ ជ្រោះជ្រងជ្រលងដងអូរ ក្នុងការធ្វើដំណើរកម្សាន្តរបស់ពួកគាត់។
ចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រី អ៊ុន សេរីរ័ត្ន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ដោយអនុវត្តន៍តាមសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្ត ស្នងការដ្ឋាននគរបាលនគរបាលខេត្តប៉ៃលិន បានប្រើប្រាស់កម្លាំងសរុបចំនួន ២៦៨នាក់ ហើយជាលទ្ធផល ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ៕