(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ បានចាត់ទុកថា នយោបាយលាបពណ៌ ញុះញង់ បោកប្រាស់ និងដើរភូតភរបរទេសឲ្យស្អប់ រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានរលាយទាំងស្រុង នៅពេលសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា កំពុងបង្ហាញវត្តមាននាពេលបច្ចុប្បន្ននេះ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ បានធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តឆ្នាំ២០១៩ របស់កងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នាបានដឹងហើយថា ក្រោយពីបោះឆ្នោត ពួកនេះបានសាបព្រោះ ឬមួយឃោសនា ខិតខំថា នឹងដកកៅអីពីកម្ពុជា នៅអង្គការសហប្រជាជាតិ មិនឱ្យសហរដ្ឋអាមេរិក មិនឱ្យវីហ្សាទៅដល់នៅព្រះរាជាណាចក្រកម្ពុជា រហូតដល់បំផុសសហគមន៍អឺរ៉ុប បរទេសនានាគាបសង្កត់ផ្សេងៗ លើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែផ្ទុយទៅវិញ ក្រោយពីដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនៃយើង នយោបាយភូតភរនេះ បានសាបរលាបអស់រហូតដល់បញ្ហានេះ លែងមានលើកយកមកនិយាយទៀត នេះជាបញ្ហាមួយធ្វើឱ្យបរាជ័យនយោបាយភូតភរ»។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា គំនិតដ៏ល្ងង់របស់ក្រុមអ្នកនយោបាយអគតិ ត្រូវបានរសាយតាមខ្យល់ តាមការរយៈការអញ្ជើញចូលរួមពីសំណាក់ជនរួមជាតិខ្មែរ តាមរយៈការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ, ខួប៤០ឆ្នាំ នៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ, ខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ព្រះរាជពិធីបុណ្យអ៊ុទូក អកអុំបុក បណ្តែតប្រទីត ទិវាជ័យជំនៈ ៧ មករា ដែលមានមហាជនរាបលាននាក់ ចូលរួមអបអរសាទរ ជាមួយថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ព្រោះទាំងចំណាយពេលយ៉ាងយូរ ដោយបង្ហាញពីការសាមគ្គីភាពជាធ្លុងមួយរវាងថ្នាក់ដឹកនាំ និងប្រជាជនផងដែរ។
មេទ័ពកម្ពុជារូបនេះ បានគូសបញ្ជាក់ថា នយោបាយរបស់ក្រុមពួកជ្រុលនិយម ដែលលើកឡើងនៅបរទេសថា កម្ពុជាមិនមានសន្តិភាព ស្ថិរភាព គឺខុសពីការពិត ប៉ុន្តែប្រសិនបើ សម្លឹងទៅមើលសកម្មភាព នៃការចូលរួមរបស់មហាជនរាប់លាននាក់ បានបង្ហាញឱ្យឃើញថា កម្ពុជាសុខសន្តិភាពពេញលេញ គ្មានបញ្ហាអ្វីកើតឡើង ស្ថិរភាពល្អ ប្រជាជនទាំងអស់រួបរួមសប្បាយចូលរួមត្រេកអរ នូវព្រឹត្តិការណ៍ខាងលើនេះ ទាំងនេះបានបង្ហាញឱ្យឃើញ ទៅដល់មតិជាតិ អន្តរជាតិថា កម្ពុជាមានសុខសន្តិភាព មានស្ថិរភាពវាផ្ទុយស្រឡះពីការឃោសនា របស់ពួកជ្រុលនិយមទាំងនេះ ព្រមទាំងបានវ៉ៃបកទៅក្រុមបោកប្រាស់ទាំងនោះដែរ។
នាយឧត្តមសេនីយ៍រូបនេះ បានបន្ថែមទៀតថា «ហើយនេះជាបញ្ហាមួយដែលយើងទាំងអស់គ្នាត្រូវគូសបញ្ជាក់ ត្រូវមើលឱ្យឃើញពីសារសំខាន់ ដែលកម្ពុជា សម្រេចបាននៅក្នុងឆ្នាំ២០១៨ កន្លងទៅផងដែរ ទាំងនេះអាចប្រើពាក្យថា វាល្អជាងពេលណាៗទាំងអស់។ ដូច្នេះសូមជនរួមជាតិទាំង ត្រូវតែមើលឱ្យឃើញពីសារសំខាន់ទាំងនេះ នៃសុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា និងការរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ដូចពេលបច្ចុប្បន្ននេះ ឱ្យបានគ្រប់គ្នាៗ»។
នាយឧត្តមសេនីយ៍ បានបន្តថា ជាក់ស្តែងកងទ័ពរបស់កម្ពុជាគ្រប់ជាន់ថ្នាក់ រួមទាំងប្រជាជនពលរដ្ឋខ្មែរទាំងអស់ នៅរួមរស់ជាមួយរាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាលស្រប់ច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរារាំងសកម្មភាពគ្រប់បែបយ៉ាង របស់ក្រុមពួកជនអគិតទាំងនោះ មិនអាចឱ្យធ្វើអ្វីបានឡើយចំពោះសុខសន្តិភាព ដែលកំពុងតែកើតមានឡើងនៅកម្ពុជា ដូចពីអតីតកាលនោះឡើយ។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អតីតក្រុមប្រឆាំង ដែលព្យាយាមបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាថ្មីៗមកនេះ គឺមានកលល្បិចច្រើនណាស់ ដូច្នេះប្រសិនបើនិយាយនៅក្នុងទ្រឹស្តី បដិវត្តន៍ពណ៌ គឺមានកលល្បិចរាប់រយ ក៏ប៉ុន្តែក្រុមទាំងនោះអនុវត្តន៍ មិនបានដោយសារតែកងយោធពលខេមរភូមិន្ទទាំងមូល សហការគ្នាយ៉ាងរឹងមាំ ព្រមទាំងសាមគ្គីភាពគ្នា ស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ដោយបានការពារវាយបំបាក់រាល់ឧបាយកល និងការប៉នប៉ងផ្តួលរំលំរាជរដ្ឋាភិបាល របស់ក្រុមអគិតទាំងនេះគ្រប់បែបយ៉ាងផងដែរ៕