ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ មូលហេតុមកពីកម្មករសំណង់បោះដែកលួសប៉ះខ្សែភ្លើង បណ្តាលឲ្យលោតឌីស្យុងទ័រ នៅអនុស្ថានីយសៀមរាបទី២
08-02-2019 14:14
(សៀមរាប)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីលោតឌីស្យុងទ័រ ទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល នៅអនុស្ថានីយសៀមរាបទី២ (GS SR2) បណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ ស្រុកបន្ទាយស្រី និងប៉ែកខាងកើត នៃក្រុងសៀមរាប ខេត្តសៀមរាប និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុបណ្តាលមកពីមានកម្មករការដ្ឋានសំណង់ឯកជន បោះដែកលួសប៉ះជាមួយនិងខ្សែបណ្ដាញតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល។
ក្រុមការងារបច្ចេកទេស បានធ្វើការស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុង នៅវេលាម៉ោង១៣៖០៣នាទីរសៀល។ ករណីដាច់ចរន្តអគ្គិសនីនេះ បណ្តាលឲ្យបាត់បង់អានុភាពចំនួន២០មេហ្កាវ៉ាត់។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕