(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចេញមកទាត់ចោលទាំងស្រុង នូវឯកសារក្លែងក្លាយ ដោយប្រើរូបភាពជា «សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា» ដែលបានបង្កើតឡើងដោយជនទុច្ចរិត ប្រើប្រាស់គណនេយ្យ Facebook ឈ្មោះ «អ្នកស្នេហាជាតិគណបក្សប្រជាជនកម្ពុជា» និងគេហទំព័រ Facebook ឈ្មោះ «Ar Kambang Knong Arkambang» ហើយត្រូវបានចែកចាយដោយទណ្ឌិត សម រង្សី នៅក្នុង Facebook របស់ខ្លួន នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងញុះញង់ បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កឲ្យមានភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានច្បាប់របស់ទណ្ឌិត សម រង្ស៉ី ម្តងហើយម្តងទៀត ដើម្បីតែបំពេញមហិច្ឆិតា ក្នុងក្តីស្រមើស្រមៃរបស់ខ្លួន ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយពុំអាចលើកលែងបាន។
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងរៀបចំដែនដី បានបញ្ជាក់ថា «យើងខ្ញុំសូមប្រកាសគាំទ្រជាឱឡារិក នូវគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើម្បីញុះញង់ និងបំបែកបំពាក់គណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖