(កំពង់ស្ពឺ)៖ សហគមន៍គោកមានទី ដែលមានប្រជាពលរដ្ឋជាច្រើនគ្រួសារជាសមាជិក បានស្នើយ៉ាងទទូចដល់អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ ឱ្យជួយកសាងផ្លូវចូលទៅកាន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវ ដែលនៅសល់មិនដល់២គីឡូម៉ែត្រឡើយ ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ខណៈរមណីយដ្ឋានធម្មជាតិមួយនេះ កំពុងមមាញឹកជារៀងរាល់ថ្ងៃក្នុងការទទួលភ្ញៀវទេសចរ។
រមណីយដ្ឋានទឹកធ្លាក់ជ្រាវនេះ មានទីតាំងស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នៅទីនោះភ្ញៀវទេសចរអាចលេងកម្សាន្តជាមួយទឹកធ្លាក់ពីលើភ្នំ ដែលហូរសណ្ដោងសណ្ដូងលើផែនសិលា ក្រោមម្លប់ព្រឹក្សាត្រជាក់ត្រឈៃ ព្រមទាំងគយគន់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល បរិភោគអាហារ និងផ្លែឈើបែបជនបទដ៏ឆ្ងាញ់ពិសា។
បើចេញពីរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ហើយបើចេញពីទីរួមខេត្តកំពង់ស្ពឺ មានចម្ងាយតែប្រមាណ ៨០គីឡូម៉ែត្រប៉ុណ្ណោះ។
មិនថាចេញពីរាជធានីភ្នំពេញ ឬចេញពីទីរួមខេត្តកំពង់ស្ពឺឡើយ ផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានថ្មីមួយនេះ គឺសុទ្ធតែជាផ្លូវក្រាលកៅស៊ូមានភាពងាយស្រួល ប៉ុន្តែជិតដល់ចំណតយានយន្តនៅសល់តែជាង ២គីឡូម៉ែត្រប៉ុណ្ណោះ ដែលមិនទាន់រៀបចំឱ្យបានងាយស្រួលនៅឡើយ ពីព្រោះនៅទីនោះមានកូនដុំថ្មប៉ុនៗកដៃនៅរាយប៉ាយតាមផ្លូវ ហើយមានកន្លែងខ្លះមានស្នាមទឹកហូរច្រោះ ដែលជាហេតុបង្កការលំបាកបន្តិចបន្តួចដល់ការធ្វើដំណើររបស់ភ្ញៀវ តែក៏នៅតែអាចបន្តដំណើរទៅមុខបានរហូតដល់ចំណតយានយាន្ត។
ដោយសារមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហានេះ ប្រជាសហគមន៍គោកមានទីបានស្នើដល់អាជ្ញាធរខេត្ត ក៏ដូចជាក្រសួង-ស្ថាប័នមានសមត្ថកិច្ច មេត្តាជួយបង្ហើយផ្លូវជិតដល់ចំណតយានយន្ត ក្នុងរមណីយដ្ឋានដ៏មានសក្ដានុពលមួយនេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរដែលទៅទស្សនាផង និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអាស្រ័យមុខរបរនៅទីនោះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាបរិស្ថានផងដែរ តំណាងសហគមន៍គោកមានទី លោក ជុន ចាន់ថន ក៏បានស្នើយ៉ាងទទួចដល់ភ្ញៀវទេសចរទាំងឡាយ ដែលបានទៅទស្សនារមណីយដ្ឋានទឹកធ្លាក់ជ្រាវនេះ សូមមេត្តាយកចិត្តទុកដាក់ចំពោះបញ្ហាសំរាមរបស់ខ្លួន ធ្វើយ៉ាងណាសូមឱ្យមានការទុកដាក់សំរាម និងកាកសំណល់របស់ខ្លួនឱ្យបានត្រឹមត្រូវ នៅក្នុងធុងសំរាមដែលមានស្រាប់នៅតាមកន្លែងកម្សាន្តនានា៕