(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់បុគ្គលដែលកំពុងតែប្រព្រឹត្តសកម្មភាពទិញ-លក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ និងសូមចូលរួមបំពេញតួនាទីជាអ្នកទប់ស្កាត់ ថែរក្សា ការពារ និងអនុវត្តច្បាប់យ៉ាងដាច់ខាតចំពោះការទិញ-លក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ការប្រកាសអំពាវនាវនេះ ត្រូវបានធ្វើឡើងខណៈដែលអាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ការប្រកាសលក់ដូរដីធ្លីក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្ត ទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម ដែលការប្រកាសលក់ដូរដីធ្លីនេះផ្ទុយនឹងច្បាប់ ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។
ដើម្បីទប់ស្កាត់សកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព ព្រមទាំងបញ្ចៀសការខូចខាតផលប្រយោជន៍របស់សាធារណជន ដែលកើតឡើងពីការបោកបញ្ឆោតរបស់បុគ្គលមួយចំនួនអំពីការទិញ-លក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់ នៃរដ្ឋបាលសាលាខេត្តសៀមរាប ដំឡើងផ្ទាំងព័ត៌មានហាមទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងភូមិសាស្ត្ររដ្ឋបាលក្រុងសៀមរាប ដូចជា ភូមិអញ្ចាញ ភូមិអារក្សស្វាយ សង្កាត់នគរធំ ចំនួន៣ផ្ទាំង ភូមិខ្វៀន សង្កាត់គោកចក ចំនួន១ផ្ទាំង ភូមិជ្រៃ សង្កាត់ទឹកវិល ចំនួន១ផ្ទាំង ភូមិថ្នល់ សង្កាត់ស្រង៉ែ ចំនួន១ផ្ទាំង។ ក្រៅពីទីតាំងដូចរៀបរាប់ខាងលើ អាជ្ញាធរជាតិអប្សរា នឹងដំឡើងផ្ទាំងព័ត៌មាននេះនៅតាមទីតាំងភូមិសាស្ត្រមួយចំនួនទៀត ដែលសកម្មភាពទិញ-លក់ដីធ្លីកំពុងតែកើតឡើង។
សូមជម្រាបថា ក្នុងជំពូក១ មាត្រា៣ និងមាត្រា៤ នៃព្រះរាជក្រឹត្យខាងលើបញ្ជាក់ថា តំបន់១ ជាតំបន់ដែលមានស្ថានីយបុរាណវត្ថុសំខាន់ៗ ហើយត្រូវទទួលកិច្ចការពារខ្ពស់បំផុត។ តំបន់២ ជាតំបន់ដែលសម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍមិនសមស្រប។ តំបន់២ មានសារសំខាន់ចម្បង ដោយសារជាតំបន់ទ្រនាប់សម្រាប់ការពារតំបន់១។
រីឯក្នុងជំពូក២ មាត្រា៨ បញ្ជាក់ថា ទិសដៅសំរាប់តំបន់ត្រូវការពារនៃរមណីយដ្ឋានអង្គរ ត្រូវប្រកាន់ទិសដៅអភិវឌ្ឍន៍ដូចតទៅ៖ តំបន់១ និងតំបន់២ ហាមឃាត់ការអភិវឌ្ឍក្នុងរមណីយដ្ឋានមានប្រាសាទ លើកលែងតែការអភិវឌ្ឍណាដែលមានសារប្រយោជន៍សម្រាប់កិច្ចការពារ និងការលើកស្ទួយតម្លៃរមណីយដ្ឋាន ឬបុរាណវត្ថុនោះ ឬសម្រាប់ការថែរក្សារបៀបរស់នៅរបស់មនុស្សនៅតំបន់នោះ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីសម្រេចលេខ៧០.សសរ ដោយកំណត់ដីធ្លីស្ថិតក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ជាដីទ្រព្យសាធារណរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច កាតព្វកិច្ចត្រូវគ្រប់គ្រង ថែរក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
រីឯការប្រើប្រាស់ដីធ្លីក្នុងតំបន់១ និងតំបន់២ ត្រូវបានកំណត់ដូចតទៅ៖
១. ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ។
២. ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទួះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ច នៃអាជ្ញាធរជាតិអប្សរា។
៣. ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាព ដូចជា ផ្ទេរមរតកទៅឲ្យញាតិសណ្ដានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឲ្យអ្នកភូមិផងជាមួយគ្នា ដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេជាដើម។
សូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា នូវរាល់ចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ តាមលេខទូរស័ព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬតាមលេខទូរស័ព្ទថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលបានប្រកាសតាមគេហទំព័រផ្លូវការរបស់អាជ្ញាធរជាតិអប្សរា www.apsaraauthority.gov.kh ៕