(បន្ទាយមានជ័យ)៖ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គោលបំណង នៃការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យលើក្បាលដី របស់បងប្អូន ប្រជាពលរដ្ឋនៅពេលនេះ ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ ដែលបានចុះអនុវត្តតាមនីតិវិធីកន្លងមក។
លោកប្រធានមន្ទីរ បានបន្ថែមថា ការបិទផ្សាយជាសារធារណៈនូវឯកសារ នៃការវិនិច្ឆ័យនេះ គឺមានរយៈពេល១៥ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី០៨ ខែកុម្ភៈនេះទៅ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។
លោកថា នៅពេលផុតរយៈពេលកំណត់ នៃការបិទផ្សាយប្រជាពលរដ្ឋ មិនអាចជំទាស់តវ៉ាបានឡើយ។ អំពីតម្លៃសេវា នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយតម្រូវឲ្យម្ចាស់ដី អ្នកកាន់កាប់ដីបង់សេវា នៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធតែម្ដងគត់ ពេលមកទទួលប័ណ្ណ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា កន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យ បានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន១២១,៥៩៥ប័ណ្ណ ដោយមានការឧបតម្ភគាំទ្រពីរាជរដ្ឋាភិបាល និងម្ចាស់ជំនួយនានា។ ដោយឡែកសម្រាប់ទិន្នន័យក្បាលដី នៅក្នុងភូមិខាងលើនេះ មានចំនួន៦,៥២៨ក្បាលដី។
ជាមួយគ្នានោះ លោកប្រធានមន្ទីរ បានសំណូមពរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដី នៅក្នុងតំបន់វិនិច្ឆ័យ មេត្តាបង្កភាពងាយស្រួល និងសហការល្អ ដើម្បីអនុវត្តការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅដោយជោគជ័យ។
ក្នុងឱកាសនោះ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាបានល្អ ក្នុងការសម្រួលពន្លឿន ដល់ការងារចុះបញ្ជីដីធ្លី នៅក្នុងមូលដ្ឋានភូមិទាំងពីរ បានជោគជ័យជាស្ថាពរ តាមនីតិវិធីច្បាប់។
លោកបានបន្តថា ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លូនេះ នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយបញ្ហាទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ទូច មុនី អភិបាលរងក្រុងប៉ោយប៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅភូមិខាងលើ ប្រញាប់ទៅពិនិត្យបញ្ញីក្បាលដី ឲ្យបានទាន់ពេលវេលាកំណត់ ដែលមានការបិតផ្សាយជាសាធារណៈ។
អភិបាលរងក្រុងប៉ោយប៉ែត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផល និងការចិញ្ចឹមសត្វ ដើម្បីផ្ដត់ផ្គងជីវភាពគ្រួសារ កាត់បន្ថយការប្រើប្រាស់ចំណីអាហារនាំចូល ដែលលក់លើទីផ្សារ ដែលប៉ះពាល់ ដល់សុខភាព និងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក និងផលិតផលកសិកម្ម ផលិតដោយខ្លួនឯង ដែលអាចកាត់បន្ថយការចំណាយ និងលើកស្ទូយសេដ្ឋកិច្ចជាតិ៕