(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រឆាំងដាច់ខាតរាល់ពួកអមិត្តទាំងឡាយណាដែលមានគោលបំណងបំផ្លិចបំផ្លាញ សន្តិភាព និងការអភិវឌ្ឍគ្រប់រូបភាពដែលកំពុងមាននៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។
ការលើកឡើងរបស់មេទ័ពកំពូលកម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាពអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តឆ្នាំ២០១៩ របស់កងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ យ៉ាងច្រើនផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា កងយោធពលខេមរភូមិន្ទ បានខិតខំបន្តភារកិច្ចការពារខឿនឯករាជ្យជាតិ រក្សាបានសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងជាតិ លើកកិត្យានុភាពរបស់កម្ពុជា និងនៅលើឆាកអន្តរជាតិ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះ៖ «ដូច្នេះកងយោធពលខេមរភូមិន្ទទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្ន ខ្ពស់ការពារឱ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រឆាំងដាច់ខាតរាល់ពួកអមិត្តទាំងឡាយដែលមានគោលបំណងបំផ្លិចបំផ្លាញ សន្តិភាព និងការអភិវឌ្ឍគ្រប់រូបភាពដែលកំពុងមាននៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ»។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា រាល់ជ័យជំនៈរបស់កងទ័ព គឺជាជ័យជំនះមួយរបស់ប្រជាជនកម្ពុជាផងដែរ ពេលរាជរដ្ឋាភិបាលកំពុងតែបានទទួលជ័យជំនះយើង រីករាយនឹងគ្រប់ជ័យជំនះ តែយើងមិនត្រូវភ្លេចខ្លួន ក្នុងការស្កប់ស្គល់លើជ័យជំនះនោះឡើយ ព្រោះភារកិច្ចរបស់យើងសុទ្ធតែមានបញ្ហាប្រឈម ឬក៏ជាយថាហេតុ ហានិភ័យក៏អាចកើតមានឡើង។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ ធ្វើការពិនិត្យយកចិត្តទុកដាក់តាមដាន ទៅលើសភាពការទូទៅ ក្នុងកងយោពលខេមរភូមិន្ទ ក្នុងបរិយាកាសប្រែប្រួលសភាពការណ៍ក្នុងតំបន់ ពិភពលោកនានា នៅឆ្នាំ២០១៩ ទន្ទឹននឹងនេះកិច្ចរបស់ប្រជុំពេលនេះ នឹងត្រូវយកចិត្តទុកដាក់ពិនិត្យ និងកំណត់ទិសដៅភារកិច្ច សម្រាប់ការអនុវត្តនៅពេលខាងមុខ ដើម្បីរកចំណុចខ្វះខាតងាយស្រួលធ្វើការបំពេញបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារតាមកងឯកភាព និងស្ថាប័នមុនពេលផ្សព្វផ្សាយ និងពេលអនុវត្តន៍ផងដែរ៕