(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចម្អកឱ្យរដ្ឋាភិបាលបារាំង ដែលចេះខឹងសម្បារនឹងអ៉ីតាលី ចំពោះលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។
លោក ខៀវ កាញារីទ្ធ បានសរសេរលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ខ្មែរបុរាណយើងនិយាយត្រូវណាស់ ដែលថា "ទាល់តែឆេះផ្ទះខ្លួនឯងបានដឹងថាភ្លើងក្តៅប៉ុណ្ណា"។ ពីដើមឱ្យតែមានចលនាប្រឆាំងនឹង រដ្ឋាភិបាលណាដែលខ្លួនមិនពេញចិត្ត បារាំងតែងស្ទុះស្ទារគាំទ្រលើកទឹកចិត្តចលនានោះ ក្រោមពាក្យស្លោក "សិទ្ធិមនុស្ស" "សេរីភាពនៃការបញ្ចេញមតិ" ...... ប៉ុន្តែ គ្រាន់តែឧបនាយករដ្ឋមន្ត្រីអុីតាលី ជួបតំណាងពួកអាវកាក់លឿងបារាំង ហើយនិយាយថា "ពេលនេះខ្យល់នៃការផ្លាស់ប្តូរបានបក់ឆ្លងកាត់ជួរភ្នំ Alps ហើយ" (Alps ជាជួរភ្នំខណ្ឌប្រទេសអុីតាលី និង បារាំង) ស្រាប់តែរដ្ឋាភិបាលបារាំងឆេះកន្ទុយ កោះហៅឯកអគ្គរដ្ឋទូតខ្លួនប្រចាំទីក្រុងរ៉ូមឱ្យទៅផ្ទះ ហើយចោទថាអុីតាលី ចង់កកូរកកាយប្រទេសខ្លួន ! ចឹងបានវាអញ្ចឹង !»។
រដ្ឋាភិបាលទីក្រុងប៉ារីសបានកោះហៅអគ្គរដ្ឋទូតប្រចាំទីក្រុងរ៉ូម ត្រឡប់មកកាន់ប្រទេសបារាំងវិញ បន្ទាប់ពីការវាយប្រហារដោយពាក្យសម្តី ពីសំណាក់ក្រុមអ្នកនយោបាយមួយចំនួននៅអ៊ីតាលីមកលើប្រទេសបារាំង កាន់តែធ្ងន់ធ្ងរឡើងដែលមិនធ្លាប់មានតាំងពីសម័យបញ្ចប់សង្គ្រាមមក។
ក្រៅពីការកោះហៅអគ្គរដ្ឋទូតមកវិញ បារាំងក៏បានអំពាវនាវឲ្យក្រុមអ្នកនយោបាយអ៊ីតាលី ធ្វើការកែសម្រួលអាកប្បកិរិយារបស់ពួកគេ ឲ្យសាកសមជាមិត្តរបស់បារាំងឡើងវិញផងដែរ។ ប្រទេសបារាំង និងអ៊ីតាលីបានជួបប្រទះប្រវត្តិសាស្ត្រមិនល្អរវាងគ្នា កាលពីអំឡុងសម័យសង្គ្រាមលោកលើកទីពីរ ជុំវិញជម្លោះដណ្តើមជួរភ្នំ Alps ហើយចាប់តាំងពីពេលនោះមក អ្នកនយោបាយមួយចំនួនតែងតែលើកឡើងពីបញ្ហានេះ ប៉ុន្តែមួយរយៈចុងក្រោយនេះវាបានក្លាយជារឿងរ៉ាវកាន់តែធំឡើងៗ ទើបធ្វើឲ្យប្រទេសបារាំងបញ្ចេញប្រតិកម្មខ្លាំងៗ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបារាំងបានបញ្ជាក់ថា «ការលើកឡើងរបស់ក្រុមអ្នកនយោបាយអ៊ីតាលី គឺគ្មានភាពពិតជាក់ស្តែងនោះឡើយ តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។ ការគ្មានកិច្ចព្រមព្រៀងរវាងគ្នានោះគឺជារឿងមួយ ប៉ុន្តែការយកទំនាក់ទំនងប្រទេសទាំងពីរយកមកធ្វើជាគោលដៅនៃការចំណេញសំឡេងឆ្នោតនោះ គឺជារឿងផ្សេងមួយទៀត...»។
គួរបញ្ជាក់តាមការអះអាងរបស់បារាំងថា ឧបនាយករដ្ឋមន្ត្រីពីររូបរបស់អ៊ីតាលី គឺលោក Matteo Salvini និងលោក Luigi Di Maio បានធ្វើការចោទប្រកាន់មកប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុង ថាជាអ្នកដុតបញ្ហាឲ្យឆេះរោលទៅវិញ។ បញ្ហាទាំងអស់នេះ ធ្វើឲ្យប្រទេសបារាំងបង្ហាញការងឿងឆ្ងល់ថា តើរដ្ឋាភិបាលអ៊ីតាលីកំពុងមានចេតនាអ្វីចំពោះបារាំង ឲ្យពិតប្រាកដ?៕