(ភ្នំពេញ)៖ នៅគ្រប់ច្រកល្ហកតាមបណ្ដាភូមិនានា ក្នុងសង្កាត់ចំនួន៧ នៃមូលដ្ឋានខណ្ឌឬស្សីកែវ មិនមានបទល្មើសកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ពិសេសបញ្ហាគ្រឿងញៀន តែមមាញឹកចែក និងចុះបញ្ជីសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ក្នុងការកសាងឯកសារជូនប្រជាពលរដ្ឋ បានចំនួនជិត៦០គ្រួសារ។
ការនេះធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌជាច្រើននាក់ ក្រោមការបញ្ជាដោយលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌ បានចុះធ្វើរដ្ឋបាលបញ្ចប់ដោយជោគជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ មកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។
រយៈពេល៤ថ្ងៃចូលឆ្នាំចិន ក្នុងការត្រួតពិនិត្យរដ្ឋបាលដើម្បីពង្រឹងរក្សាសន្តិសុខខាងលើនេះ លោក ជា ពិសី បានបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ រកពុំឃើញមានបទល្មើសកើតឡើងគួរឲ្យកត់សម្គាល់ឡើយ គឺមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ប៉ុន្តែបានចុះបញ្ជី (ក.៨) ជូនប្រជាពលរដ្ឋចំនួន៤គ្រួសារ (មនុស្ស១០នាក់ ប្រុស០៦នាក់) ក្នុងនោះអាយុ១៨ទ្បើង មាន០៨នាក់ ប្រុស៤នាក់ ស្ថិតនៅក្នុងក្រុម៦ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។
លើសពីនេះ នៅក្នុងក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ លោក ជា ពិសី បានបញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ចចុះបញ្ជី (ក.៨) បានចំនួន៦គ្រួសារ (មនុស្ស២៧នាក់ ប្រុស១២នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើង១៣នាក់ ប្រុស៦នាក់) និងចែកអត្តសញ្ញាណប័ណ្ណ ចំនួន៨នាក់ និងប្រជាពលរដ្ឋ ចំនួន១៣គ្រួសារផ្សេងទៀត បាននិងកំពុងរៀបចំកសាងឯកសារសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ និងងាយស្រួលគ្រប់គ្រង ក្នុងពេលចុះធ្វើរដ្ឋបាលត្រួតពិនិត្យរាល់គ្រប់បទល្មើស ដើម្បីបង្កាទប់ស្កាត់ ក្នុងការធានារក្សាសន្តិសុខ សុវត្ថិភាព រយៈពេល៤ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាមនេះ៕