(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ជាថ្មីថា គណបក្សប្រជាជន ធានាដាច់ខាតមិនឱ្យ សង្រ្គាមវិលមកលើទឹកដីកម្ពុជា សារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ នៅលើបណ្តាញសង្គម Facebook ថា៖ «យើងពិតជាមានមោទនភាព ដែលបានឃើញប្រទេសជាតិកាន់តែរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។ អ្វីដែលយើងសម្រេចបាន គឺដោយសារការចូលរួមចំណែកពីបងប្អូនជនរួមជាតិ និងដៃគូវិស័យឯកជននានា ដែលមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ “គណបក្សប្រជាជនកម្ពុជា” ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្សប្រជាជន គឺធានាដាច់ខាតមិនឱ្យ សង្រ្គាមវិលមកលើទឹកដីកម្ពុជា សារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការស្រឡាញ់រាប់អាន និងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់ និងការគាំទ្រឥតងាករេពីជនរួមជាតិចំពោះរូបសម្តេច។ ព្រោះសុខទុក្ខរបស់ប្រជាពលរដ្ឋជនរួមជាតិ គឺជាសុខទុក្ខផ្ទាល់របស់សម្តេច ដែលសម្តេចត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែល្អប្រសើរ។
សម្តេចបាន ជូនពរជនរួមជាតិមានជីវិតរស់នៅកាន់តែល្អប្រសើរ និងទទួលបាននូវលាភសំណាងល្អៗ នៅក្នុងឆ្នាំថ្មីនេះ៕