(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development - IFAD) នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុម ប្រឹក្សាទេសាភិបាលលើកទី៤២ ប្រចាំឆ្នាំ ២០១៩ របស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ក្រោមប្រធានបទ «នវានុវត្តភាព និងសហគ្រិនភាពជនបទ» (Rural Innovation and Entrepreneurship) សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ២០១៩នេះ, អង្គប្រជុំគ្រោងនឹងពិភាក្សាដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសារៈសំខាន់នៃយេនឌ័រ, កង្វះខាតអាហារូបត្ថម្ភក្នុងដំណើរការអភិវឌ្ឍខ្សែច្រវាក់តម្លៃ, តួនាទីរបស់សហគ្រិនភាព និងនវានុវត្តភាពនៅតាមជនបទ ក្នុងការលើកកម្ពស់ភាពធន់ ដើម្បីឆ្លើយតបនឹងវិបត្តិ សកល ក៏ដូចជា សារៈសំខាន់នៃបច្ចេកវិទ្យាថ្មីចំពោះការធ្វើកសិកម្ម នាពេលអនាគត ។
ក្នុងបរិការណ៍នេះ, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន គ្រោងនឹងគូសបញ្ជាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលរបស់ IFAD អំពីជំហររបស់កម្ពុជា ចំពោះប្រសិទ្ធភាពនៃហិរញ្ញប្បទាន សហប្រតិការកន្លងមករបស់ស្ថាប័ននេះ ក៏ដូចជា ទស្សនៈរបស់កម្ពុជាអំពីទិសដៅការងារជាយុទ្ធសាស្ត្រដែល IFAD ត្រូវប្រកាន់យកសម្រាប់រយៈពេលខ្លី និងមធ្យមទៅមុខ ។
ក្រៅពីចូលរួមកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាទេសាភិបាលលើកទី៤២ របស់ IFAD, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏គ្រោងនឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហ្គីលបឺត ហុងបូ (H.E. Gilbert F.Houngbo), ប្រធានរបស់ IFAD ដើម្បីលើកទិសដៅការងារជា យុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្ដិការរវាងកម្ពុជាជាមួយ IFAD ផងដែរ៕