(ត្បូងឃ្មុំ)៖ ក្នុងពិធីបិទសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅ ឆ្នាំសិក្សា២០១៨-២០១៩ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការអប់រំធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោរគន្លឹះដ៍រឹងមាំ នៃសេដ្ឋកិច្ចជាតិ ដែលចាំបាច់ត្រូវការលោកគ្រូអ្នកគ្រូ ជាអ្នកតម្រង់ទិស។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងទៀតថា នាពេលបច្ចុប្បន្ន និងទៅអនាគត កម្ពុជាពិតជាត្រូវការចាំបាច់នូវ ធនធានមនុស្សប្រកបដោយភាពស្ទាត់ជំនាញ គំនិតច្នៃប្រឌិតកម្រិតបច្ចេកទេសខ្ពស់ និងរបកគំហើញថ្មីៗ ដើម្បីធានាបាននូវសក្ដានុពលសម្រាប់ការប្រកួតប្រជែងជាអន្តរជាតិ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំ ជាវិស័យអទិភាពទី៤។ ដោយឡែកវិស័យអប់រំក្នុងខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកសាងអាគារសិក្សា រហូតមកទល់នឹងសព្វថ្ងៃនេះ បាន១៩២កន្លែង ៣៤៥ខ្នង ស្មើនឹង២,៤១១បន្ទប់ ព្រមទាំងសម្ភារបរិក្ខារដូចជា តុ កៅអី ម៉ាស៊ីនដេរ កុំព្យូទ័រ នេះជាការររួមមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ដល់គ្រឹះស្ថានសិក្សាទូទាំងខេត្ត។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីអប់រំ នាយក/នាយករង លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដីទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារក្នុងឆ្នាំសិក្សាកន្លងមកតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដើម្បីបុព្វហេតុការអប់រំ និងការកសាងធនធានមនុស្សប្រកបដោយជោគជ័យជាជំហានៗ ទោះបីយើង នៅមានការខ្វះខាត និងការលំបាកជាច្រើនដែលត្រូវពុះពារដោះស្រាយយ៉ាងណាក៏ដោយ។
លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អង្គសន្និបាតបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន១០ ដើម្បីវាយតម្លៃ និងឆ្លុះបញ្ចាំងលើការអនុវត្តការងារកន្លងមក ដើម្បីរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាតដែលនៅសេសសល់ បញ្ហាប្រឈម និងរួមគ្នាកំណត់វិធានការដោះស្រាយឲ្យបានសមស្រប តាមស្ថានភាពជាក់ស្ដែងក្នុងអនុវិស័យនីមួយៗ ឲ្យស្របទៅនឹងកំណែទម្រង់១៦ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដើម្បីឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីភាព និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថានៅឆ្នាំ២០៣០ ប្រទេសម្ពុជានឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍនៅ២០៥០៕