(ក្រចេះ)៖ លោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ បានចូលរួមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាបែបទំនើប១ខ្នង មាន៦បន្ទប់ នៅភូមិស្រែដូង ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលជាជំនួយឧបត្ថម្ភពីអង្គការ ChildFund សរុបជាថវិកាជាង ១៣ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់អង្គការ ChildFund កម្ពុជា បានឲ្យដឹងថា អង្គការមូលនិធិកុមារ (ChildFund) ចាប់ផ្តើមការងារនៅកម្ពុជាក្នុងឆ្នាំ២០០៧ ហើយបច្ចុប្បន្ននេះអនុវត្តកម្មវិធីអភិវឌ្ឍន៍ សហគមន៍នៅខេត្តស្វាយរៀង ខេត្តបាត់ដំបងតំបន់ជាយរាជធានីភ្នំពេញ និងខេត្តក្រចេះ ដោយផ្តោតលើតម្រូវការរបស់កុមារ និងគ្រួសាររបស់ពួកគេ ក្នុងវិស័យការពារកុមារ សិទ្ធិកុមារ ការអប់រំ ការចិញ្ចឹមជីវិត អភិបាលកិច្ចមូលដ្ឋាន អាហារូបត្ថម្ភ ការធ្វើចំណាកស្រុកដែលមានសុវត្ថិភាព ទឹកនឹងអនាម័យ និងយុវជន។
ដោយមានកិច្ចសហការជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ដទៃទៀត មូលនិធិហ្វមហ្វដ បានបង្កើតបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ដែលឆ្លើយតបនឹងតម្រូវការកុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជា។ សព្វថ្ងៃនេះអង្គការកំពុងផ្ដោតការងារ ការសាងសង់សាលារៀនបែបសម័យទំនើប ជួសជុលសាលារៀន ធ្វើបង្គន់អនាម័យ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ទឹកស្អាត សួនជីវៈចម្រុះ កន្លែងលេងកំសាន្ត ចែកសៀវភៀវសិក្សាគ្រប់កម្រិត និងតម្រូវការផ្សេងទៀត ទៅសាលានីមួយៗខ្វះខាត់ ផ្ដល់កង់ដល់សិស្សក្រីក្រ ផ្ដល់អាហារូបករណ៍។
ជាក់ស្ដែង សមិទ្ធផលអគាសិក្សាបែបទំនើប១ខ្នងនេះ មានបំពាក់ប្រព័ន្ធថាមពលព្រះអាទិត្យ ទឹកស្អាត បន្ទប់បណ្ណាល័យបំពាក់ដោយគ្រឿបបរិក្ខារ អេឡិចត្រូនិច និងកម្មវិធីសិក្សាបែបទំនើបបំផុត ដែលពុំធ្លាប់មានពីមុនមក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ ទាំងនៅទីប្រជុំជន និងជនបទ។
នាឱកាសនោះ លោក ហឿ ស៊ីយ៉ែម បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជា្រលជ្រៅដល់អង្គការ ChildFund ដែលកន្លងមកបានផ្ដល់ជំនួយឧបត្ថម្ភទាំងសម្ភារៈ និងអគារសិក្សាជាច្រើនក្នុងវិស័យអប់រំ និងបំពេញតម្រូវការផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅតាមតំបន់ដាច់ស្រយាល ក៏ដូចជាតំបន់ជូបការលំបាកខ្លាំង នៅក្នុងខេត្តក្រចេះ ដែលជាការចូលរួមចំណែកដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕